ព័ត៌មានទាន់ហេតុការណ៍៖

រំដួលក្រចេះ សារី សុវត្តី គ្រងមកុដកញ្ញាឯក Miss World Cambodia 2021

ចែករំលែក៖

  ភ្នំពេញ៖ កម្មវិធីប្រកួតសម្រស់ Miss World Cambodia 2021  បានឈានជើងមកដល់វគ្គផ្តាច់ព្រ័ត្យហើយ កាលពីរាត្រីថ្ងៃទី១៤ ខែតុលាឆ្នាំ ២០២១នេះ ដោយក្នុងនោះគេបានស្វែងរកឃើញម្ចាស់ជ័យលាភីសរុបចំនួន៥ដោយក្នុងនោះម្ចាស់មកុដកញ្ញាឯក Miss World Cambodia 2021 ត្រូវបានទៅលើកញ្ញា សារី សុវត្តី ដែលមានមុខរបរជាគ្រូបង្រៀន និងមានទឹកដីកំណើតមកពីខេត្តក្រចេះ។ 

  ទស្សនិកជនជាច្រើនបានបង្ហាញការសាទរទៅកាន់ម្ចាស់មកុដដែលត្រូវបានកម្មវិធីជ្រើសរើសបាន ដែលពោរពេញដោយសមត្ថភាពនិងមានសក្កដានុពល  ហើយអ្វីដែលធ្វើឲ្យគេពេញចិត្តនាងខ្លាំងនោះគឺឆន្ទៈ ការតាំងចិត្ត និងសមត្ថភាពនិយាយភាសាអង់គ្លេសបានយ៉ាងល្អមិនចាញ់បេក្ខភាពក្នុងកម្មវិធីប្រកួតសម្រស់ផ្សេងទៀតនោះឡើយ។ ជាបេក្ខភាពដែលមានទាំងសមត្ថភាព រូបសម្រស់ អាកប្បកិរិយា និងចំណេះដឹងជ្រៅជ្រះ និងពិតជាសាកសមទៅនឹងតំណែងជាម្ចាស់មកុដ។ នាងឈ្មោះសារី សុវត្តី អាយុ២៣ឆ្នាំ កម្ពស់ ១.៦៣ម៉ែត្រ និងមានទឹកដីកំណើតនាខេត្តក្រចេះ។ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងបន្ថែមពីលើរូបសម្រស់ ទេពកោសល្យនៃការដើរបានយ៉ាងល្អនោះគឺនាងធ្លាប់បានទទួលអាហាររូបករណ៍សិក្សាបរិញ្ញាប័ត្រអក្សរសាស្រ្ដអង់គេ្លស ផ្នែកអប់រំនៅវិទ្យាស្ថានភាសាបរទេសហៅកាន់ថា IFL និងបានបញ្ចប់ការសិក្សាលើជំនាញនេះនៅឆ្នាំ២០១៩ ហើយ បច្ចុប្បន្ននាងកំពុងបន្ដការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំ ដោយនាងទទួលបានអាហាររូបករណ៍សិក្សាលើជំនាញនេះនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ ក្រៅពីការសិក្សារំដួលក្រចេះរូបនេះមានមុខរបរជាគ្រូបង្រៀនភាសាអង់គ្លេសជាមួយអង្គការបង្រៀនដើម្បីកម្ពុជារយ:ពេលពីរឆ្នាំ ពោលគឺចាប់តាំងពី២០១៩ ឆ្នាំ២០២១នេះ។

មិនតែប៉ុណ្ណោះបច្ចុប្បន្នសុវត្តី ទើបតែចាប់ផ្ដើមបំពេញការងារជាបុគ្គលិកក្នុងគម្រោងមួយរបស់ក្រសួងអប់រំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញថែមទៀតផង។ 

ងាកមកការងារសិល្បៈវិញ យុវតីដ៏មានសក្កដានុពលរូបនេះ មានចំណូលចិត្តបំពេញការងារជាពិធីការិនីខណៈដែលការសម្តែងក៏ជាអ្វីដែលនាងចាប់អារម្មណ៍ផងដែរ ហើយនេះគឺជាលើកទីមួយដែលនាងបានសម្រេចចិត្តចូលរួមប្រឡូកក្នុងការប្រកួតបវរកញ្ញាឯកកម្ពុជាដោយនាងបានលើកឡើងដែរថានាងកំពុងត្រៀមខ្លួន ធ្វើឱ្យបានល្អបំផុតសម្រាប់ការចេញទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ។ ជាមួយគ្នានេះនាងក៏ថ្លែងអំណរគុណសម្រាប់ការគាំទ្រពីសំណាក់ទស្សនិកជនផងដែរ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖