ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យនាំពលករឆ្លងដែនខុសច្បាប់ចំនួន០២នាក់បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជូនជនសង្ស័យចំនួន០២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់វិធានការតាមនីតិវិធី កាលពីរសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ ពីបទនាំពលករឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃនិងពីប្រទេសថៃមកខ្មែរ។

ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ ម៉ា និត ភេទប្រុសអាយុ១៧ឆ្នាំនិងម្នាក់ទៀតឈ្មោះ ជឿន កុយ ភេទប្រុសអាយុ១៥ឆ្នាំ ទាំង០២នាក់ នៅភូមិទំនប់ដាច់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ 

លោកស្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរនិងការពារអនីតិជនប្រាប់ឱ្យដឹងថា៖ នៅថ្ងៃទី១៣ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ សហការជាមួយកម្លាំងយោធាឈរជើងនៅចំណុចភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានឃាត់ពលករបម្រុងឆ្លងដែនទៅប្រទេសថៃចំនួន៤១នាក់ ក្នុងនោះក៏មានពលករខ្មែរចំនួន០២នាក់មកពីប្រទេសថៃ មកសួរនាំ ។បន្ទាប់មកកម្លាំងនគរបាលការិយាល័យ ជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានធ្វើការស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធមេខ្យល់ ក្នុងនោះយើងបានឈានដល់កំណត់នូវមុខសញ្ញាចំនួន០២នាក់ជាអ្នកនាំផ្លូវ មានឈ្មោះ ម៉ា និត និងឈ្មោះ ជឿន កុយ  ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នគរ​បាលជំនាញបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់មកសួរនាំ ។

លោកស្រី ឌី សុជាតិ បានបញ្ជាក់បន្ថែមថា៖តាមការសាកសួរនាំ ជនសង្ស័យឈ្មោះម៉ា និត និងឈ្មោះជឿន កុយ បានសារភាពថា៖គេទាំង០២នាក់ ពិតជាអ្នកនាំផ្លូវពលករខ្មែរដែលមកពីថៃនិងពលករទៅធ្វើការនៅប្រទេសថៃនោះមែន ហើយសកម្មភាពនេះពួកគេបានប្រព្រឹត្តចំនួន០២លើក ដោយលើកទី០១ មានពលករខ្មែរមកពីថៃចំនួន០៣នាក់ ឲ្យគេនាំផ្លូវមកខ្មែរវិញបានតម្លៃ២,០០០បាតនិងទី០២ មានពលករខ្មែរមកពីថៃចំនួន០២នាក់ ដោយបានតម្លៃ២,០០០បាត ។ដោយផ្អែកតាមចម្លើយសារភាព ជនសង្ស័យទាំង០២នាក់ កម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ និងចាត់ការតាមផ្លូវច្បាប់ហើយ៕

ដោយ ៖ វណ្ណា

 


ចែករំលែក៖