ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឃ្លុបបេីកលឿនដូចហោះទៅបុករថយន្ត​ ម៉ូតូ ឡំប្រឺតាចំនួន៦គ្រឿងរុញបន្តគ្នាបណ្តាលឱ្យរបួសធ្ងន់ធ្ងរ២នាក់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកូរ៉េប្រភេទឃ្លុបដឹកទំនិញមួយគ្រឿងដោយសារម្ចាស់បេីកបរក្នុងល្បឿនលឿនពេកជាន់ហ្វ្រ័ងមិនជាប់ជ្រុលទៅបុករថយន្តដែលកំពុងបេីកបរខាងមុខចំនួន៣គ្រឿង ម៉ូតូ២គ្រឿងនិងឡំប្រឺតា១គ្រឿងទៀតបណ្តាលឱ្យមនុស្សចំនួន២នាក់រងរបួសធ្ងន់ធ្ងរ។ 

  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តកូរ៉េឃ្លុប ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5920 បើកបរដោយបុរសម្នាក់និងមានបុរសម្នាក់ទៀតជាព្រូ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុជាន់ហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុករថយន្តម៉ាក 4Runner​ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2M-8630 ហើយរុញបន្តទៅបុកម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-0634 ជិះដោយបុរស២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ដាច់ដៃ និងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-6511 ជិះដោយនារី២នាក់ រងរបួសស្រាល ហើយរថយន្តបន្តទៅបុក រថយន្តសុីទែនដឹកប្រេង ម៉ាក ISUZU ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3D-9054 រុញផ្ទប់ទៅបុកឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HQ-5859 និងបន្តរុញទៅបុកផ្ទប់ រថយន្តម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AF-6274 បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ 

   គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលឲ្យរថយន្តចំនួន៤គ្រឿង ម៉ូតូចំនួន២គ្រឿង និងឡំប្រឺតា១គ្រឿង សរុបចំនួន០៧គ្រឿង ទទួលរងខូចខាត និងបង្កឱ្យបុរស២នាក់រងរបួសធ្ងន់ធ្ងរ នារី២នាក់រងរបួសស្រាល រីឯអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

   ជនរងគ្រោះរបួសធ្ងន់ចំនួន២នាក់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ​។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្រួលចរាចរណ៍​។ បន្ទាប់មកភាគីខាងរថយន្តសាំយ៉ុងនិងរថយន្ត 4Runner រួមទាំងឡំប្រឺតាបានសុំបញ្ចប់រឿងដោយយកទៅជួសជុលខ្លួនឯង។ចំណែករថយន្តបង្កនិងរថយន្តស៊ីទែនដឹកប្រេងរួមទាំងម៉ូតូ២គ្រឿងទៀត ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួច រួមទាំងជនបើកបររថយន្តបង្កហេតុផង ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖