ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋទីទាល់ក្រ១២៦គ្រួសារមក ទទួលអំណោយសប្បុរសធម៌របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖  ប្រជាពលរដ្ឋទីទាល់ក្រ១២៦ គ្រួសារបានមកទទួលអំណោយសប្បុរសធម៌របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងអំឡុងជំងឺកូវីដ-១៩ ។ រដ្ឋបាលខណ្ឌកំបូលដឹកនាំដោយលោក ឃឹម ស៊ុនសូដាអភិបាលខណ្ឌកំបូល សហការជាមួយអាជ្ញាធរសង្កាត់ និងមន្ត្រីសាលាខណ្ឌ បានបន្តចុះចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលកូវីដ-១៩ ចំនួន១២៦គ្រួសារ ស្ថិតក្នុងភូមិរំដួលជេីង និងរំដួលត្បូង សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ ។ 

     អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនតាមរយៈ លោកអភិបាលរាជធានីភ្នំពេញ។ អំណោយដែលបានចែកជូនក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, ត្រីខកំប៉ុង១យួរ, មី១កេស។ 

    ក្នុងឱកាសនោះផងដែរ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក៏បានណែនាំដល់ប្រជាពលរដ្ឋឱ្យអនុវត្តវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និងវិធាន៣កុំ ៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាល និងបានណែនាំប្រជាពលរដ្ឋឱ្យទៅចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នា ដេីម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ 

    លោកអភិបាលខណ្ឌក៏បានជំរុញឱ្យប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌកំបូលចូលរួមចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅឆ្នាំ២០២២ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។ ជាងនេះទៀត លោកអភិបាលខណ្ឌក៏បានចង្អុលបង្ហាញដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងតួនាទី ភារកិច្ច ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងការផ្ដល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជៀសវាងភាពអសកម្មនានាដែលកំពុងបម្រើប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕

ដោយ ៖ សំរិត


ចែករំលែក៖