ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យកណ្ដាលម្នាក់ឃើញឈើអណ្ដែតក្នុងទឹកស្ទឹងក៏លោតទៅចាប់ស្រាប់តែលិចបាត់ទាំងមនុស្សនិងឈើ

ចែករំលែក៖

   ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់មន្ត្រីជំនាញប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅបានឱ្យដឹងថា មានករណីបុរសម្នាក់បាត់ខ្លួនក្នុងទឹកស្ទឹងភ្នំដំបងជាប់ព្រំប្រទល់ស្រុកសំឡូត ដោយសារតែបុរសរូបនោះបានកាន់កាំបិត១ឈរមើលទឹកហូរក្នុងស្ទឹង ហើយពេលឃើញឈើអណ្ដែតក៏ចុះទៅចាប់តោងដើម្បីទាញយកឈើនោះ  ប៉ុន្តែជាអកុសលបានលិចបាត់ទាំងឈើទាំងមនុស្ស។

   សមត្ថកិច្ចមូលដ្ឋានបានបន្តឱ្យដឹងទៀតថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៤៧នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅក្នុងស្ទឹងក្បែរក្យូសលោក ជួប វុទ្ធី  ស្ថិតនៅចំណុចភ្នំដំបង ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យបាត់ខ្លួនក្នុងស្ទឹងភ្នំដំបងនោះ។ 

    តាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងដែរថា បុរសដែលបាត់ខ្លួននោះមានឈ្មោះ ណាង ស៊ីណាល់ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅស្ថិតនៅចំណុចភ្នំដំបង ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ោ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

   ក្រោយពីកើតហេតុខាងលើនេះកម្លាំងសមត្តកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅនិងកម្លាំងប្រជាការពារបានមកពិនិត្យ និងសាកសួរជុំវិញកន្លែងកើតហេតុហើយទទួលបានព័ត៌មានពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ស៊ាង ម៉ាល័យ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា បានរៀបរាប់ថា រូបគាត់បានឃើញបុរសរងគ្រោះឈរនៅត្រើយម្ខាងនៃស្ទឹងបានចុះក្នុងស្ទឹងដែលទឹកកំពុងហូរឡើងខ្លាំង ដើម្បីចាប់យកឈើដែលអណ្តែតមកតាមទឹកស្ទឹង ហើយក៏ស្រាប់តែលិចបាត់ទៅតាមឈើនោះទៅ។ បន្ទាប់មកខ្លួនក៏បានស្រែកហៅឱ្យគេជួយ ហើយរាយការណ៍ភ្លាមៗទៅសមត្ថកិច្ចតែម្តង ។

បន្តិចក្រោយមកសមត្ថកិច្ចនិងកម្លាំងប្រជាការពារព្រមទាំងបងប្អូនប្រជាពលរដ្ឋ នាំគ្នារកមើលតាមមាត់ស្ទឹងរហូតមកដល់ពេលនេះមិនទាន់ឃើញឡើយ។

   ក្រោយពីបាត់ខ្លួនជនរងគ្រោះមក គេឃើញមានបន្សល់ទុកវត្ថុតាងនៅទីតាំងកើតហេតុមានកាំបិតកកុកមួយដើម។

 បច្ចុប្បន្នកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ និងប្រជាការពារភូមិព្រមទាំងប្រជាពលរដ្ឋកំពុងដើររកមើលនៅតាមមាត់ស្ទឹងទីតាំងកើតហេតុខាងលើបន្តទៀត៕

ដោយ៖ ស សារ៉េត


ចែករំលែក៖