អង្គភាពចារកិច្ចរបស់ក្រសួងការពារជាតិអាមេរិក DIA បានប្រកាសថា កូរ៉េខាងជើងមានសកម្មភាពនៅទីតាំងផលិតបរមាណូ គឺជាសកម្មភាពមិនសមស្របក្នុងការរំសាយអាវុធបរមាណូទាំងស្រុងនៅក្នុងប្រទេសនេះ។
តាមការលើកឡើងរបស់អង្គភាពចារកិច្ច DIA អាមេរិកបញ្ជាក់ថា«បើទោះបីកូរ៉េខាងជើង មិនសាកល្បងអាវុធបរមាណូចាប់តាំងពីឆ្នាំ ២០១៧មកក្តី ប៉ុន្តែប្រទេសនេះនៅតែបន្តអភិវឌ្ឍន៍អាវុធដដែល ដោយមិនមានការផ្អាកនោះឡើយ»។
តាមការលើកឡើងរបស់ DIA «រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកគីម ជុងអ៊ុន បានផ្តល់អាទិភាពក្នុងការអភិវឌ្ឍអាវុធ មានកាំជ្រួចមីស៊ីលវាយលុករយៈចម្ងាយឆ្ងាយ អាចបំពាក់ក្បាលគ្រាប់បរមាណូ»បាន។ DIA បានបញ្ជាក់ថា ការរស់នៅដោយអាថ៌កំបាំងរបស់កូរ៉េខាងជើងពិបាកនៅក្នុងការប្រមូលទិន្នន័យ។
តាមការលើកឡើងរបស់ DIA បានបញ្ជាក់ថា ប្រាក់ចំណូលរបស់កូរ៉េខាងជើង ចាប់ពី២០%ទៅ ដល់៣០% គឺបានប្រើប្រាស់សម្រាប់វិស័យយោធា ។ ជាមួយគ្នានោះមេដឹកនាំគីម ជុងអ៊ុនក៏បានផ្តល់អាទិភាពក្នុងការអភិវឌ្ឍសព្វាវុធផងដែរ។
ក្នុងរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មានជំនួបពិភាក្សាដល់ទៅ៣លើកជាមួយមេដឹកនាំកូរ៉េខាងជើង នៅក្នុងប្រទេសសិង្ហបុរី វៀតណាម និងតំបន់ព្រំដែនកូរ៉េទាំងពីរ។ ប៉ុន្តែក្រោយជំនួបនោះ ទំនាក់ទំនងរវាងអាមេរិកនឹងកូរ៉េខាងជើងមិនមានការកែប្រែនោះឡើយ៕ ដោយ៖ធីរីណា
រូបថត៖Reuters
រូបថត៖KCNA