ព័ត៌មានទាន់ហេតុការណ៍៖

សូមជូនពរក្រុមគោព្រៃជំទង់កម្ពុជាទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រ​កួត​ជម្រុះ AFC U23 Asian Cup 2022

ចែករំលែក៖

ភ្នំពេញ៖ យោងតាមផេក ( Cambodia SEA GAMES 2023) CAMSOC ជាមួយទិសស្លោក យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ទាំងអស់គ្នា! កីឡារស់ក្នុងសន្ដិភាព SPORTS LIVE IN PEACE បានបញ្ជាក់ឱ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិ​​អាយុ​ក្រោម២៣​ឆ្នាំ​កម្ពុជា បាន​ធ្វើ​ដំ​ណើរ​ទៅ​ដល់​ប្រ​ទេស​ជប៉ុន ដោយ​សុវត្ថិ​ភាព​ហើយ ដើម្បី​ត្រៀម​ការ​ប្រ​កួត​ជម្រុះ​ពាន​រង្វាន់ AFC U23 Asian Cup Uzbekistan 2022 Qualifiers ពូល K នាសប្ដាហ៍ក្រោយ។

   សម្រាប់បេក្ខភាពពូល K ដែលត្រូវប្រជែងកៅអីវគ្គបន្ដនៃ​ពាន​រង្វាន់​យុវ​ជន U-23 ជើងឯកទ្វីបអាស៊ីនេះ មាន៣ក្រុម រួមមានកម្ពុជា ហុងកុង និង​ម្ចាស់​ផ្ទះ​ជប៉ុន ។ ចំពោះកម្មវិធីប្រកួតក្រុម​គោព្រៃ​ជំទង់​កម្ពុជា នឹងត្រូវជួប U-23 ហុងកុងនាថ្ងៃទី២៣ ខែតុលា មុនជួបក្រុមម្ចាស់ផ្ទះ U-23 ជប៉ុន នា​ថ្ងៃ​ទី២៦ ខែតុលា នៅកីឡដ្ឋាន J-Village ខេត្ត Fukushima តែមួយប៉ុណ្ណោះ។

  គួរបញ្ជាក់ថា ក្រុមជម្រើសជាតិ U-23 កម្ពុជា បានបន្ដដំ​ណើរ​ទៅ​ប្រ​ទេស​ជប៉ុន កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅនេះ ក្រោយ​បញ្ចប់​បេស​ក​កម្ម​ជា​មួយ​ក្រុម​ជម្រើសជាតិកម្ពុជា(ក្រុមធំ)ក្នុងការប្រកួតជម្រុះ AFC Asian Cup China 2023 នៅប្រទេសបារ៉ែនកាលពីពេលថ្មីៗដោយ​បាន​យក​ឈ្នះ​ក្រុម​ជម្រើសជាតិកោះ​ហ្គាំ​របស់សហរដ្ឋអាមេរិកទាំង២ជើង ក្នុងលទ្ធផល ៣-១ ដើម្បី​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំទី៣។

   បន្ទាប់ពីបញ្ចប់បេសកកម្មខាងលើ កីឡាករ​ភាគ​ច្រើន​ដែល​មាន​អាយុ​ក្រោម ២៣ឆ្នាំ ត្រូវបន្ដបេសកកម្មថ្មីនៅប្រទេសជប៉ុនទៀត ។ រីឯ​កី​ឡា​ករ​ជម្រើស​ជាតិ​កម្ពុជា១០នាក់ត្រូវធ្វើដំណើរមកមាតុភូមិមុន ។ លើក​លែង​តែកី​ឡា​ករ​ជម្រើស​ជាតិ ៦រូបដែលឆ្លងជំងឺកូវីដ-១៩ អំឡុង​ពេល​ជួយ​ក្រុម​គោ​ព្រៃ​កម្ពុជានៅប្រទេសបារ៉ែន ដែល​ត្រូវបន្ដសម្រាកព្យាបាលនៅទីនោះ រហូត​ដល់​ជា​សះស្បើយទើបត្រឡប់មកមាតុភូមិវិញ។

   ដូច្នេះសូមជូនពរក្រុមជម្រើសជាតិ U-23 កម្ពុជា ជួប​តែ​សំ​ណាង​ល្អ និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រកួត​ជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 Qualifiers ដើម្បីឡើងទៅវគ្គបន្ដ ហើយ​ក៏​សូម​ជូន​ពរ​កី​ឡាករ៦រូប រួមមាន ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា និង អ៊ាន ពិសី ដែល​កំពុង​សម្រាក​ព្យា​បាល​នៅ​ប្រទេសបារ៉ែនឆាប់​បានជា​សះ​ស្បើយ និងត្រឡប់មកកម្ពុជាវិញផងដែរ ៕

                                  

ដោយ ៖ សិលា


ចែករំលែក៖