ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកញ្ចក់មួយគ្រឿងបើកលឿនដូចហោះជាន់ហ្វ្រ័ងមិនស៊ីបានបុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បានបេីករថយន្តដឹកកញ្ចក់មួយគ្រឿងយ៉ាងលឿន​ ហេីយជ្រុលទៅបុករះរថយន្ត៤គ្រឿង ឡំប្រឺតា២គ្រឿង​ រួមនឹងម៉ូតូ១គ្រឿងទៀតបណ្តាលឱ្យរងការខូចខាត​ បង្កការភ្ញាក់ផ្អេីលនិងកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណេីរ​ កាលពីវេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ចំណុចមុខវត្តស្ទឹងមានជ័យ ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3B-4606 ដឹកកញ្ចក់ពេញលើរថយន្ត បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងព្រូរថយន្តម្នាក់ទៀត ធ្វើដំណើរពីកើតទៅលិចចុះពីលើស្ពានស្ទឹងមានជ័យក្នុងល្បឿនលឿន​ ពេលនោះអ្នកបេីករថយន្តជាន់ហ្រ្វ័ងមិនស៊ីក៏បានជ្រុលចង្កូតទៅបុករថយន្តនៅខាងមុខចំនួន៤គ្រឿង​ឡំប្រឺតា២គ្រឿង​និងម៉ូតូមួយទៀតដែលកំពុងតែបើកស្របទិសដៅគ្នានៅពីខាងមុខបណ្តាលឲ្យរងការខូចខាតនិងរងរបួសបុរសម្នាក់ផងដែរ។  ចំណែកអ្នកបើកបររថយន្តបង្កហេតុត្រូវបានក្រុមជនរងគ្រោះចាប់ក្របួចជាប់​ ហេីយត្រូវពលរដ្ឋស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងផងដែរ ដោយសារតែគេខឹងនឹងបុរសខាងលើបើករថយន្តលឿនពេកបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។

  ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ និងជំនាញចរាចរណ៍រាជធានីភ្នំពេញ​ធ្វើការវាស់វែង រួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖