ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូមិន​គោរព​សិទ្ធិអាទិភាពទៅបុកម៉ូតូដែលបញ្ច្រាសគ្នារបួសធ្ងន់និងស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់និងស្រាលដោយសារតែការបើកម៉ូតូមិន​គោរព​សិទ្ធិអាទិភាពទៅបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កឱ្យមានគ្រោះថ្នាក់និងភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​៧និង១២នាទីព្រឹកថ្ងៃទី១៦ខែតុលា ឆ្នាំ២០២១លើ​ផ្លូវ​ជាតិ​លេខ​១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ១៤២​និង​លេខ១៤៣​ស្ថិតក្នុងភូមិ​ស្វាយតាយាន​ ឃុំ ស្វាយតាយាន ​ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀង​។

   សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះសុី  ម៉ា​ឡៃ​ ភេទប្រុស អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅ​ភូមិថ្មី​ ឃុំ​ខ្សែត្រ ស្រុក​កំពង់​រោទ៍ ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកHONDA Dream ផលិត​ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាក លេខ ស្វាយរៀង​១N-១៨៣២បានខូចខាតទាំងស្រុង។

   ចំណែកភាគីរងគ្រោះមានឈ្មោះ វិត  ចិន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខ​របរកម្មករ​រោង​ចក្រ និងអ្នក​រួម​ដំណើរ​ឈ្មោះអែម ចិន្នា ភេទ​ស្រី អាយុ៣២​ឆ្នាំ មុខ​របរ កម្មករ​រោង​ចក្រ​ អ្នក​ទាំងពីរមាន​ទីលំនៅ​ភូមិ​លាប  ឃុំកណ្ដៀង​រាយ ស្រុកស្វាយទាប​ ខេត្ត​ស្វាយរៀង។

   តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA Dream ផលិត​ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង​ ១N-១៨៣២ លើ​ផ្លូវ​ជាតិ​លេខ​១ ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​លិច ដោយបើកមិន​គោរព​សិទ្ធិអាទិភាពឡើយ ស្រាប់តែទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក Honda Dream សេ១២៥  ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ ស្វាយរៀង ១J-០៣២៤ ជិះគ្នា២នាក់ក្នុងទិសដៅ​ពី​លិច​ទៅ​កើត​ពេញទំហឹងដួលរដូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង។

    ក្រោយកើតហេតុអ្នករបួសទាំង៣នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង  រីឯវត្ថុតាងម៉ូតូទាំង០២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំស្វាយតាយាន ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖