ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្ត្រអង់គ្លេសរងការវាយប្រហារដោយកាំបិតបានស្លាប់ហើយ

ចែករំលែក៖

នៅថ្ងៃទី១៥ខែតុលា កម្លាំងប៉ូលិសប្រឆាំងភេរវកម្មអង់គ្លេស បានបញ្ជាក់ថា ករណីវាយប្រហារដោយកាំបិតចាក់តំណាងរាស្ត្រ Sir David Amess គឺជាសកម្មភាពវាយប្រហារភេរវកម្ម។
សារព័ត៌មាន CNN បានដកស្រង់ការប្រកាសរបស់ស្នងការប៉ូលិស Petropolitan នៅថ្ងៃទី ១៦ខែតុលា ដែលបានឱ្យដឹងថា លទ្ធផលស្រាវជ្រាវជាបឋមបង្ហាញឱ្យឃើញថា ការវាយប្រហារដោយកាំបិតគឺជាសកម្មភាពពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម។ កម្លាំងប៉ូលិសបានសន្និដ្ឋានថា ជនដៃដល់ធ្វើសកម្មភាពតែម្នាក់ឯងមិនមានបក្ខពួកនោះឡើយ ប៉ុន្តែការស្រាវជ្រាវនៅតែបន្ត។
សូមបញ្ជាក់ផងដែរថា លោក Sir David Amess គឺជាតំណាងរាស្ត្រតំបន់ Southend West មកពីគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រី Boris Johnson ។ លោកបានរងការវាយប្រហារនៅពាក់កណ្តាលថ្ងៃត្រង់ថ្ងៃទី១៥ខែតុលា ក្នុងពេលទៅជួបជាមួយម្ចាស់ឆ្នោតស្ថិតនៅតំបន់ Leigh on Sea ។
កម្លាំងប៉ូលិសបានឱ្យដឹងថា បើទោះបីក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះក្តី ក៏ដោយសាររបួសធ្ងន់លោកក៏បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ នាយករដ្ឋមន្ត្រី Boris Johnson បានលើកឡើងថា តំណាងរាស្ត្រ Sir David Amess ជាបុគ្គលស្លូតត្រង់ ស្មោះត្រង់ ក្នុងចំណោមអ្នកនយោបាយ ។
នាយករដ្ឋមន្ត្រី Johnson បានលើកឡើងថា «ថ្ងៃនេះយើងបានបាត់បង់មន្ត្រីតំណាងរាស្ត្រដ៏ល្អ ជាមិត្ត ជាអ្នករួមការងារដ៏គួរឲ្យគោរព»។ ការរិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងដើម្បីកាន់ទុក្ខដល់តំណាងរាស្ត្រដែលបានស្លាប់ទៅនោះ។
ពាក់ព័ន្ធករណីខាងលើកម្លាំងប៉ូលិសអង់គ្លេស បានប្រកាសថាបានចាប់ខ្លួនជនសង្ស័យអាយុ២៥ឆ្នាំម្នាក់ ជាជនជាតិសូម៉ាលី ដោយចោទប្រកាន់ពីបទសម្លាប់មនុស្ស៕ ដោយ៖ ធីរីណា

ប្រភពរូបថត៖TTXVN-VNA

រូបថត៖Reuters


ចែករំលែក៖