ប្រទេសថៃ៖ សេចក្ដីរាយការពីអ្នកសារព័ត៌មានថៃ កាលពីថ្ងៃទី១៦ តុលា ២០២១ ថាកម្លាំងអង្គភាពទាហានប្រាណទី១៣ កងកម្លាំងបូរផា និងកម្លាំងកងរយទាហានប្រាណទី១៣០២ ប្រចាំស្រុកខ្លងហាត បានចាត់កម្លាំងល្បាត និងឃ្លាំមើលក្នុងភូមិសាស្រ្តទទួលខុសត្រូវ ភូមិថាន់ ចៃ ឃុំថាប់ ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ បានប្រទះឃើញឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនចូលមកប្រទេសថៃចំនួន២០នាក់ ក្នុងនោះប្រុស១៣និងស្រី៧នាក់។
សេចក្ដីរាយការបញ្ជាក់ថាៈ ក្រោយពីសមត្ថកិច្ចថៃសួរនាំ ក្រុមពលករខ្មែរទាំងអស់ធ្វើដំណើរមកពីខេត្ត រួមមាន៖សៀមរាប,បន្ទាយមានជ័យ,បាត់ដំបង និងពោធិ៍សាត់ ត្រូវការឆ្លងចូលមកធ្វើការងារសំណង់ ក្នុងខេត្តឈុន បុរី,ប៉ះធំ ថានី និងក្រុងបាងកក ដោយមុនលួចចូលមកប្រទេសថៃ ពលករខ្មែរទាំងអស់ខាងលើនិយាយថា មកប្រមូលផ្ដុំគ្នានៅសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយចំណាយលុយឲ្យមេខ្យល់នាំពីប្រទេសខ្មែរ ទៅដល់កន្លែងធ្វើការក្នុងម្នាក់៩០០០បាត មុនចូលមកប្រទេសថៃបានចំណាយលុយមុនក្នុងម្នាក់ចំនួន៣០០០បាតហើយ នៅសល់៦០០០បាតទៀត ហ្នឹងចំណាយនៅពេលទៅដល់គោលដៅ ដោយការចូលមកប្រទេសថៃ មានមេខ្យល់ជនជាតិខ្មែរជាអ្នកនាំផ្លូវឆ្លងអូរណាំសៃ ព្រំដែនកម្ពុជា-ថៃ ដើម្បីមករង់ចាំឡើងរថយន្តរបស់មេខ្យល់ជនជាតិថៃ ចូលទៅក្នុងប្រទេសថៃ ដូចដែលបានណាត់ទុក តែបែរជាត្រូវសមត្ថកិច្ចថៃចាប់ខ្លួនបានមុន ដោយពលករខ្មែរទាំង២០នាក់ខាងលើ មិនមានឯកសារឬលិខិតអនុញ្ញាតធ្វើដំណើរចូលប្រទេសថៃ និងលិខិតធ្វើការងារក្នុងប្រទេសថៃនោះឡើយ។យ៉ាងណាក៏ដោយ ក្រោយពីសមត្ថកិច្ចថៃអនុវត្តតាមវិធានរបស់សុខាភិបាល និងធ្វើកំណត់ហេតុចាប់ខ្លួនរួចរាល់ ក៏បញ្ជូនពលករខ្មែរទាំង២០នាក់នោះទៅឲ្យជំនាញ ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត៕
ដោយ ៖ វណ្ណា