ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់អោយដឹងថា, ស្ថានភាពកំពស់ទឹកនៅស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង បានថយចុះមកនៅត្រឹម១៣.៥៥ម៉ែត្រ គិតត្រឹមម៉ោង ១១:៣០នាទី ថ្ងៃនេះ (១៧-១០-២០២១) ។
រដ្ឋបាលខេត្តបាត់ដំបងក៏សូមបង ប្អូនប្រជាពលរដ្ឋ និង សាធារណជន មេត្តាជ្រាបជាព័ត៌មាន និងបន្តការប្រុងប្រយ័ត្ន!
សូមបញ្ជាក់ថា, លោក ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹកនិងឧតុនិយម កាលពីម្សិលមិញបានបញ្ជាក់ថា, ទឹកស្ទឹងសង្កែ អាចកើនដល់ ១៤,៥០ ម៉ែត្រ នាវេលាថ្ងៃត្រង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១។
នៅព្រលប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា, ជំនន់ទឹកភ្លៀងនៅស្ទឹងសង្កែ : – គិតត្រឹមម៉ោង ១៨:២០ នាទី នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ នេះ ទឹកស្ទឹងសង្កែ នៅចំណុចក្រុងបាត់ដំបង មានកម្ពស់ ១៣,៩០ ម។
លោករដ្ឋលេខាធិការបានបន្តថា, – ទឹកស្ទឹងសង្កែ នៅចំណុចក្រុងបាត់ដំបង នឹងបន្តកើនឡើងបន្ថែមទៀត ( អាចកើនដល់ ១៤,៥០ ម ) នាវេលាថ្ងៃត្រង់ ថ្ងៃទី ១៧ តុលា ឆ្នាំ ២០២១ ។ បន្ទាប់មក ទឹកនឹងចាប់ផ្ដើមស្រកចុះវិញ ។
– សូមរំលឹកជូនថា កាលពីថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២០ ទឹកស្ទឹងសង្កែនៅចំណុចក្រុងបាត់ដំបង ធ្លាប់បានកើនឡើងដល់កម្ពស់ ១៤,៨២ ម៉ែត្រ។
អ្នកក្រុងបាត់ដំបង គួរមានការប្រុងប្រយ័ត្នអោយខ្ពស់បំផុត ចំពោះគ្រោះធម្មជាតិ ដែលកើតមានដោយយថាហេតុ៕
ដោយ ៖ សិលា