ក្រុងប៉ោយប៉ែត ៖ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌរួចសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរបានសម្រុកឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនបញ្ជូនមកខ្មែរវិញជាបន្តបន្ទាប់ដែលទាំងនេះក៏ដោយសារតែកត្តាចាញ់បោកការឃោសនាអូសទាញរបស់មេខ្យល់ ។ មួយវិញទៀតខាងសមត្ថកិច្ចកម្ពុជាក៏មានវិធានការរឹតបន្តឹងក្នុងការទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋ ទាំងនេះផងដែរ តែទោះជាយ៉ាងណាក៏នៅមានការឆកល្វែងផងដែរ ។
ជាមួយគ្នានោះសមត្ថកិច្ចកម្ពុជាក៏បានទប់ស្កាត់ប្រជាពលរដ្ឋខ្លួននិងបានធ្វើការអប់រំណែនាំរួចឲ្យគាត់វិលត្រឡប់ទៅលំនៅឋានជាបន្តបន្ទាប់។ ហើយទន្ទឹមនោះដែរគេក៏សង្កេតឃើញប្រជាជនថៃ ក៏មានបំណងលួចឆ្លងដែនមកធ្វើការនៅកម្ពុជា ហើយក៏ត្រូវសមត្ថកិច្ចថៃ ក៏ដូចជាសមត្ថកិច្ចកម្ពុជាបានទប់ស្កាត់ ការឆ្លងដែនខុសច្បាប់ នៅក្នុងដំណាក់កាលនៃប្រទេសទាំង០២កំពុងតែប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ។
បើតាមការឲ្យដឹងពីលោក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោក លេខ៨១៥ បានឲ្យដឹងនៅវេលាម៉ោង០៣និង២៥នាទីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះថា មានប្រជាពលរដ្ឋខ្មែរលួច ឆ្លងដែនដោយខុសច្បាប់ ដែលសមត្ថកិច្ចថៃសហការជួយទប់ស្កាត់ នៅវេលាម៉ោង០៤និង១០នាទីល្ងាចនាថ្ងៃដដែល ទាហានឈុតខ្មៅថៃ អនុសេនាធំលេខ១៣០២ បានទប់ស្កាត់ឃាត់បានប្រជាពលរដ្ឋខ្មែរប្រុស ស្រី ចំនួន២០នាក់ នៅចំណុចភូមិប៉ាយខៀវ ឃុំផានស៊ឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ។
ត្រូវបានបញ្ជូនទៅឲ្យតម្រួតនៃអធិការដ្ឋានលួងណាំសៃ ស្រុកអារញ្ញ ដើម្បីមានវិធានការបន្ត ។
លោក សួង សៅ បានបញ្ជាក់ថា៖បើតាមការសាកសួរទៅសមត្ថកិច្ចថៃ ចំពោះប្រជាពលរដ្ឋខ្មែរទាំង២០នាក់នោះ ត្រូវបានបញ្ជូនមកកម្ពុជា តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅវិញខេត្តបន្ទាយមានជ័យវិញហើយ៕
ដោយ ៖ វណ្ណា