ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះថា៖ ដោយគោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចេញបេសកកម្មប្រតិបត្តិការ បំពេញភារកិច្ចតាមគោលដៅ ដោយអនុវត្តតាមផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូននាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ចំនួន០១គ្រឿង។
ប្រភពដដែល បន្តថា នាវាចម្បាំងកងទ័ពជើងទឹកអូស្រ្តាលី ចំនួន០១គ្រឿងនេះមានឈ្មោះ HMAS ANZAC (FFH 150) បណ្តោយប្រវែង ១១៨ម៉ែត្រ ទទឹង ១៤,៨ម៉ែត្រ ទម្ងន់ផ្ទុក ៣,៨១០តោន មាននាវឹកចំនួន១៥៨នាក់ ដឹកនាំដោយលោកឧត្តមនាវីត្រី Mal Wise មេបញ្ជាការ នាវាឥណ្ឌូ-ប៉ាសុីហ្វិក នៃកងទ័ពជើងទឹកអូស្ត្រាលី ដែលចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២១) មកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ក្នុងគោលបំណងបង្កើនការរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។
គួរបញ្ជាក់ថា នាវាចម្បាំងមួយនេះ បាននាំយកនូវជាមួយសម្ភារការពារខ្លួន (PPE) សម្ភារវេជ្ជសាស្រ្តទាក់ទងនឹងជំងឺកូវីដ-១៩ មួយចំនួន ដើម្បីជួយដល់ខេត្តព្រះសីហនុ និងកងយោធពលខេមរភូមិន្ទ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងផ្លាស់ប្តូរយោបល់អំពីសន្តិភាព សន្តិសុខស្រ្តី អូស្រ្តាលីនិងកងយោធពលខេមរភូមិន្ទ តាមរយៈសិក្ខាសិលាអនឡាញផងដែរ៕
ដោយ៖សហការី