ខេត្តកំពង់ស្ពឺ ៖ រថយន្តមួយគ្រឿង ម៉ាក Hyundai ពណ៌ក្រហម-ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0548 ដឹកស៊ីទែនប្រេង របស់ក្រុមហ៊ុន សូគីមុិច បានក្រឡាប់ផ្ងារជើង កំពប់ហៀរប្រេងសាំង ធ្វើឲ្យស្ទះចរាចរណ៍ជិត១ម៉ោង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០និង៣៩នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគឺឡូម៉ែត្រលេខ ៨៤/៨៥ ស្ថិតក្នុងភូមិទី១ ឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
តាមរបាយការណ៍នគរបាលចរាចរណ៍ស្រុកភ្នំស្រួចបានឲ្យដឹងថា អ្នកបើកបរឈ្មោះ ប៊ិន សុខចាន់ អាយុ ២៧ឆ្នាំ រស់នៅភូមិអូរតាពូង ឃុំភក្តី ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបររថយន្តដឹកប្រេងនេះមកពីទិសខាងកើតទៅទិសខាងលិច ដោយបើកបរក្នុងល្បឿនលឿន។លុះ មកដល់ចំណុចខាងលើបានរេចង្កូតក្រឡាប់ដោយខ្លួនឯងលើថ្នល់បណ្តាលឲ្យហូរប្រេងលើផ្លូវជាតិ ។ ក្រោយក្រឡាប់រួច សមត្ថកិច្ច ដដដែលឈរជើងនៅគោលដៅនោះ បានទំនាក់ទំនងហៅ រថយន្តអគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចមកជួយអន្តាគមន៍ខ្លាចមានអគ្គិភ័យកើតចេញពីការកំពប់ប្រេង និងបានឃាត់រថយន្តដឹកខ្សាច់ឲ្យចាក់ដីលុបនៅកន្លែងហូរប្រេង ។
យ៉ាងណា ករណីនេះ មិនបណ្តាលឲ្យរបួសមនុស្សទេ តែធ្វើឲ្យស្ទះចរាចរណ៍ជិត១ម៉ោង។ ចំពោះអ្នកបើកបរខាងលើ សមត្ថកិច្ចជំនាញបានធ្វើការអប់រំ និងបានប្រគល់វត្ថុតាងជូនម្ចាស់យកទៅប្រើប្រាស់តាមតម្រូវការវិញហើយដែរ៕
ដោយ ៖ ប្រាថ្នា