ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋធ្វើសកម្មភាពនៅខណ្ឌពោធិ៍សែនជ័យរត់ទៅជាប់ខ្នោះនៅខណ្ឌសែនសុខ

ចែករំលែក៖

    ភ្នំពេញ៖ ជនសង្ស័យមួយក្រុមបានចេញធ្វេីសកម្មភាពឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវទាំងព្រឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រួចហេីយព្យាយាមគេចខ្លួនរហូតទៅដល់មូលដ្ឋានខណ្ឌសែនសុខត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមឃាត់ខ្លួនបានម្នាក់​ និងដកហូតម៉ូតូចំនួន៤គ្រឿង ចំណែកបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន​ ។

   ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៤០នាទីព្រឹកនៅចំណុចផ្លូវបេតុងតាមបណ្តោយផ្លូវតាំងកសាង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

   ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សំ​បុណ្យ ពុទ្ធិជ័យ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិក្រាំងអង្ក្រង ខណ្ឌសែនសុខ។

   ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីមទាំង២គ្រឿង​ បានចេញធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីស្ត្រីម្នាក់នៅផ្លូវបេតុងមុខវត្តតាំងកសាង ក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​ ហេីយព្យាយាមគេចខ្លួន តែត្រូវសមត្ថកិច្ចដេញឃាត់ខ្លួនបានម្នាក់ភ្លាមៗ ។ 

សមត្ថកិច្ចបន្តថា​ បន្ទាប់មកកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យក៏សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខចុះទៅបង្ក្រាបជនសង្ស័យដែរ តែដោយសារពួកគេដឹងខ្លួនទាន់បានគេចខ្លួនអស់និងរកឃេីញម៉ូតូចំនួន២គ្រឿងដែលជនសង្ស័យបានបន្សល់ទុក គឺមួយគ្រឿងម៉ាកហុងដាឌ្រីម និងមួយគ្រឿងទៀតម៉ាក និចធូ ពណ៌ស ។

   បច្ចុប្បន្នកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានប្រមូលវត្ថុតាងរួមទាំងជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានយកមកសួរនាំនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿង និងតាមវែករកមុខសញ្ញាដែលនៅសេសសល់យកមកផ្តន្ទាទោសឱ្យខាងតែបាន៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖