ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ម៉ូតូនិងរថយន្តបុកគ្នានៅក្រុងកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មនុស្សប្រុសម្នាក់បានស្លាប់នៅនឹងកន្លែងភ្លាមៗក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្ត ដែលបានកើតឡើងនៅវេលាម៉ោង ១៤:៤២នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នៅលើផ្លូវខាងកើតសាលាកសិកម្ម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

   តាមប្រភពពីសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ជុំ ចាន់ថន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់រលីង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម  បើកបរម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1T -2980 ក្នុងទិសដៅពីត្បូងទៅជើងដោយបានពាក់មួកសុវត្ថិភាព បានទៅបុកប៉ះ ជាមួយរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ3A-2228 បើកបរដោយឈ្មោះ រិន ឆៃ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងទិសដៅពីជើងទៅត្បូង។ ករណីនេះបណ្តាលឱ្យស្លាប់មនុស្ស១នាក់ ប្រុស(អ្នកបើកបរម៉ូតូ) នៅនឹងកន្លែងកើតហេតុ និងខូចខាតម៉ូតូ១គ្រឿងកម្រិតធ្ងន់ និងរថយន្ត០១គ្រឿងកម្រិតស្រាល ។

   សមត្ថកិច្ចនគរបាលបានឱ្យដឹងបន្តថា ក្រោយពេលកើតហេតុ ផ្នែកជំនាញបានយកវត្ថុតាងទាំង០២គ្រឿងមករក្សាទុក បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងឃាត់ខ្លួនអ្នកបើកបរ រថយន្តឈ្មោះ រិន ឆៃ នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាមដែរ ហើយបាន យកសំណាកធ្វើតេស្តរកកូវីដ-១៩ គ្រឿងស្រវឹង និងសារធាតុញៀន ដែលជាលទ្ធផលគឺកូវីដ១៩ អវិជ្ជមាន និងជាតិស្រវឹងក៏អវិជ្ជមានដែរ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖