ខេត្តរតនគិរី៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានចាត់ទុកការធ្វើអនាម័យសំអាតបរិស្ថានជាអាទិភាពក្នុងការលើកកម្ពស់សោភ័ណភាពខេត្ត ដោយកំណត់យកថ្ងៃសុក្ររៀងរាល់សប្តាហ៍ឱ្យមន្ត្រីរាជការធ្វើអនាម័យក្នុងខេត្ត។
ការដាក់ចេញនូវគោលការអនាម័យនេះ លោកអភិបាលខេត្ត បានលើកឡើងនាឱកាសដែលលោកជួបសំណេះសំណាលជាមួយ
មន្ដ្រីរាជការថ្នាក់ដឹកនាំនៃរដ្ឋបាល”ក្រុងស្រុក” និងមន្ទីរអង្គភាពជុំវិញខេត្តនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០២១នេះ។
លោកបានសង្កត់ធ្ងន់ថា បញ្ហាសំរាមជាបញ្ហាដែលយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់លើកកម្ពស់ សោភ័ណភាព បរិស្ថានល្អ ភាពស្អាត អនាម័យល្អ និងសណ្តាប់ធ្នាប់ល្អ ក្នុងខេត្តរតនគិរី ។
លោកសំដៅធ្វើឱ្យទីក្រុង និងតាមបណ្តាស្រុកទាំងអស់របស់ខេត្ត ក្លាយជាគោលដៅទេសចរណ៍បៃតងស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។
ដូច្នេះនៅថ្ងៃសុក្ររៀងរាល់សប្តាហ៍មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវធ្វើអនាម័យសំអាតតាមអង្គភាព និងតាមទីប្រជុំជន ទីសាធារណៈ ដើម្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរី ទាំងមូល ។
លោកអភិបាលខេត្តក៏បានឱ្យមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តបន្ដសហការគ្នា រៀបចំផលិតឯកសារផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងកសិកម្ម ដើម្បីឱ្យភ្ញៀវទេសចរណ៍កាន់តែចាប់អារម្មណ៍មកលេងកម្សាន្ដ និងបានស្គាល់កាន់តែច្បាស់ពីភូមិសាស្ដ្រខេត្តរតនគិរីយើងនេះ។
លោក ញ៉ែម សំអឿន ក៏បានរំលឹកឱ្យមន្ត្រីរាជការក្នុងខេត្តទាំងអស់ ខិតខំប្រឹងប្រែងរួមគ្នាអនុវត្តតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ដែលធ្វើឱ្យខេត្តរតនគិរីរបស់យើងទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានសមិទ្ធផលជាច្រើនបន្តបន្ទាប់ទៅទៀត៕
ដោយ ៖ ជីវ័ន្ត