ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកាមរីបាឡែនពេលមេឃកំពុងភ្លៀងបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខ្ទាតចេញពីជួរខូចខាតអស់ចំនួនពីរកង់ រីឯរថយន្តបែកកង់ដាច់កាឡេទៅមុខលែងរួច។

  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១នៅចំណុចមុខការាសសាំងតេលា តាមបណ្ដោយផ្លូវ លេខ២៨៩ កែងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AE-1988តាមបណ្តោយផ្លូវលេខ២៨៩ក្នុងទិសដៅពីជើងទៅត្បូង។ លុះបើកមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវលេខ៥២៨ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខូចខាតអស់ចំនួនពីរកង់ ឯរថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេង បែកកង់និងដាច់កាឡេទៅមុខលែងរួច។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖