ភ្នំពេញ៖ មានករណីបាក់ជញ្ជាំងឥដ្ឋការដ្ឋានសំណង់ផ្ទះល្វែងជាន់ទី៣ដែលកំពុងសាងសង់មួយកន្លែងធ្លាក់មកលើសំយាបផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យបុរស៣នាក់ដែលកំពុងអង្គុយហូបបបរលើគ្រែរងរបួសបុរសម្នាក់ ចំណែកសំយាបផ្ទះរងការខូចខាតមួយចំហៀងធំ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នៅចំណុចការដ្ឋានសាងសង់ផ្ទះល្វែងមួយកន្លែងនៅខាងក្រោយហាងខារ៉ាអូខេចំការននោង តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីជនរងគ្រោះដែលរងរបួសបានប្រាប់ឱ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នា៣នាក់នាំគ្នាអង្គុយហូបបបរនៅលើគ្រែក្រោមសំយាបក្នុងបរិវេណផ្ទះ។ លុះដល់ម៉ោងកើតហេតុខាងលើពួកគាត់បានឮសូរសំឡេងប្រាវធ្លាក់មកលើសំយាបផ្ទះ ហើយក៏នាំគ្នាស្ទុះរត់ចែកជើងគ្នាចេញពីកន្លែងកើតហេតុ ហើយរូបគាត់បានរងរបួសត្រូវដៃស្តាំ ចំណែក២នាក់ទៀតមិនមានរងរបួសទេ។ បន្ទាប់មកក៏នាំគ្នាពិនិត្យមើលឃើញសុទ្ធតែដុំឥដ្ឋ ដែលបាក់ធ្លាក់ចេញពីជញ្ជាំងផ្ទះល្វែងកំពុងសាងសង់នៅជាន់ទី៣ សង្ស័យតែជាងរៀបខុសបច្ចេកទេសទើបបាក់ធ្លាក់បែបនេះ ទើបនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុដើម្បីពិនិត្យមើល រួចបានហៅភាគីទាំងសងខាងមកសួរនាំ និងធ្វើកំណត់ហេតុដើម្បីរង់ចាំភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នា៕
ដោយ៖សុខាសែនជ័យ