ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបើកក្នុងល្បឿនលឿនពេលមេឃកំពុងភ្លៀងជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យរបាំងថ្មខ្ទាតចេញពីជួរចំនួនមួយកង់ ចំណែករថយន្តខូចខាតដាច់កាទ្បេកង់ខាងមុខចំហៀងខាងធ្វេងទៅមុខលែងរួច តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៩ ត្រង់ចំណុចភ្លើងស្តុបកងរាជអាវុធហត្ថ ក្បែរសាលាបឋមសិក្សាទួលគោក ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-1988 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងទៅត្បូងដោយមានល្បឿនយ៉ាងលឿនពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទាតចេញពីជួរចំនួន១កង់ ចំណែករថយន្តខូចខាតដាច់កាទ្បេកង់ខាងមុខចំហៀងខាងធ្វេងទៅមុខលែងរួច តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖