ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ខំជិះរថយន្តឈ្នួលពីខេត្តកំពង់ឆ្នាំងដើម្បីមកធ្វើសកម្មភាពលួចម៉ូតូនៅរាជធានីភ្នំពេញ។ ពេលដើរស្វែងរកលួចមកដល់ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលត្រង់ចំណុចផ្ទះជួលរបស់កម្មកររោងចក្រ ដោយឃើញម៉ូតូរបស់កម្មការិនីទុកនៅខាងមុខបន្ទប់ជួលក៏ចូលធ្វើសកម្មភាពលួចតែពុំបានសម្រេចត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាងនាំគ្នាឡោមព័ទ្ធចាប់ខ្លួនបាន រួចប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០និង៤០នាទី នៅចំណុចដីឡូត៍ក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ គង់ នុន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះអេង ពៅ ហៅអៀង សុធី ភេទប្រុសអាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ នៅភូមិកំពង់រាំង ឃុំកំពង់រាំង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ (ឃាត់ខ្លួន) ។វត្ថុតាងចាប់យកបានមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាC១២៥ ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1Y-7630 (ជារបស់ជនរងគ្រោះ), ដែកសម្រួចមុខសម្រាប់កាច់សោ.កម៉ូតូចំនួន០១,ទួណឺវីសចំនួន០១, កូនសោម៉ូតូចំនួន០១ និង ទូរស័ព្ទដៃ១គ្រឿង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុវេលាម៉ោងប្រហែល១០ព្រឹក ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1Y-7630 ត្រឡប់មកពីផ្សារបែកចានវិញ ហើយបានទុកម៉ូតូនៅខាងមុខផ្ទះជួល។ បន្ទាប់មកជនរងគ្រោះក៏ឡើងទៅបន្ទប់ជួលរបស់ខ្លួននៅជាន់ទី២ ដើម្បីយកកំប៉ុងហ្គាសទៅបញ្ចូលនៅខាងលិចផ្ទះជួល។ ពេលជនរងគ្រោះបញ្ចូលហ្គាសរួចហើយក៏ដើរត្រឡប់មកបន្ទប់ជួលវិញ ពេលនោះឃើញមានម៉ូតូមួយគ្រឿងជិះគ្នា២នាក់មកឈប់នៅមុខផ្ទះជួល ហើយជនសង្ស័យក៏ចុះពីលើម៉ូតូនោះដើរចូលទៅក្នុងផ្ទះជួលតែម្នាក់ឯង ចំណែកមនុស្សម្នាក់ទៀតបានជិះម៉ូតូចេញទៅទិសខាងលិចបាត់ទៅ។ បន្ទាប់មកជនសង្ស័យបានលួចកាច់សោ.កម៉ូតូរបស់ជនរងគ្រោះ ហើយជិះចេញទៅទិសខាងលិចក៏ជួបជាមួយជនរងគ្រោះកំពុងដើរមកពីបញ្ចូលហ្គាសវិញ ទើបជនរងគ្រោះស្ទុះទៅចាប់ទាញដៃចង្កូតម៉ូតូផ្ដួល ហើយស្រែកថាចោរៗក៏មានប្រជាជនដែលរស់នៅក្បែរនោះចេញមកជួយឃាត់ខ្លួនជនសង្ស័យ ហើយរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍បែកចាន។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំង
ប៉ុស្ដិ៍បែកចាន សហការជាមួយកម្លាំងជំនាញស្រុកបានទៅដល់កន្លែងកើតហេតុនាំខ្លួនជនសង្ស័យនិងវត្ថុតាងមកអធិការដ្ឋានដើម្បីសួរនាំតាមនីតិវិធី។
ជនសង្ស័យបានសារភាពថា៖ខ្លួនបានជិះរថយន្តឈ្នួលចេញពីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ឆ្ពោះទៅទីក្រុងភ្នំពេញ។ លុះដល់ម៉ោងប្រហែលប្រាំបួនព្រឹកខ្លួនបានចុះពីរថយន្តឈ្នួលនៅបេនឡានផ្សារថ្មី ហើយបានជួលម៉ូតូឌុបជិះចេញមកតាមផ្លូវជាតិលេខ៤វិញដើម្បីដើររកលួចម៉ូតូគេ ។ រហូតដល់ម៉ោងកើតហេតុ ខ្លួនបានឲ្យម៉ូតូឌុបឈប់ម៉ូតូនៅចំណុចកើតហេតុ ហើយដើរចូលទៅធ្វើសកម្មភាពកាច់សោកម៉ូតូរបស់ជនរងគ្រោះ។ ពេលលួចម៉ូតូបានហើយខ្លួនក៏ជិះចេញទៅទិសខាងលិចក៏ជួបនឹងជនរងគ្រោះជាម្ចាស់ម៉ូតូ ហើយក៏បានទាញដៃចង្កូតម៉ូតូផ្ដួល និងឃាត់ខ្លួនខ្ញុំបាទតែម្ដង។
ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ស្អាង ជ័យ