ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់បបួលគ្នាទៅឆក់ត្រីជាមុខរបរខុសច្បាប់បានភ្លាត់ស្នៀតត្រូវឆក់ស្លាប់ម្នាក់ក្រោយពីម្នាក់បានយកត្រីមកកន្លែងមុន រំលងបាន១ថ្ងៃទើបរកសពឃើញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរស២នាក់បានបបួលគ្នាទៅឆក់ត្រីខុសច្បាប់នៅតាមប្រឡាយដែលជាមុខរបរច្បាប់ហាមឃាត់ ព្រោះវាធ្វើឱ្យបាត់បង់ពូជត្រី។ ពេលកំពុងឆក់នោះជាអកុសលភ្លាត់ស្នៀតត្រូវចរន្តភ្លើងឆក់ស្លាប់ម្នាក់ដោយគ្មានអ្នកដឹង ពីព្រោះក្រោយពីរកបានត្រីមួយចំនួនហើយនោះ ក៏ប្រើឱ្យម្នាក់យកត្រីមកកន្លែងស្នាក់នៅមុន ហើយខ្លួនឯងដែលជាជនរងគ្រោះនៅធ្វើសកម្មភាពឆក់ត្រីបន្តរហូតដល់ត្រូវខ្សែភ្លើងឆក់ស្លាប់បាត់បង់ជីវិត ដោយគ្នានអ្នកណាដឹង។ លុះកន្លងផុតមួយថ្ងៃទើបអ្នកដែលទៅឆក់ត្រីជាមួយគ្នាដឹងហើយរាយការណ៍ឲ្យប្រជាការពារជួយរករហូតរកឃើញសាកសពដេកស្លាប់ផ្គាប់មុខជាមួយនឹងម៉ាស៉ីនឆក់ត្រីនិងអាគុយក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅស្រាវជ្រាវ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចដៃអូរមួយ ស្ថិតក្នុងភូមិអ៉ីប៊ុ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ទើបរកឃើញសាកសពជនរងគ្រោះ។ 

បើតាមរបាយការណ៍របស់នាយប៉ុស្តិ៍រដ្ឋបាលអូរស្វាយបានបញ្ជសក់ថា: ជនរងគ្រោះដែលធ្វើសកម្មភាពឆក់ត្រីឆក់ស្លាប់ខ្លួនឯងនោះ ឈ្មោះហៀង ថែម ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នរស់នៅចំណុចខាងលើ មានស្រុកកំណើតនៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ អ្នកទៅជាមួយធ្វើសកម្មភាពឆក់ត្រីផ្សេងគ្នា ដល់អាគុយអស់ភ្លើងឬក៏ម៉ាស៉ីនឆក់អត់ដំណើការក៏ខ្ចីម៉ាស៉ីនឆក់របស់ឈ្មោះឃឿន សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅជាមួយគ្នាឆក់បន្ត ហើយឈ្មោះឃឿន សម្បត្តិ ក៏មកកន្លែងមុន រហូតដល់ភ្លឺមិនឃើញដៃគូមកក៏ទៅរកនៅព្រឹកថ្ងៃទី១៩ រហូតដល់ថ្ងៃត្រង់ដដែលនៅតែរកមិនឃើញ ទើបគេរាយការណ៍ទៅប្រជាការពារនិងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលព្រហ្មទណ្ឌចុះទៅដល់ចំណុចកើតហេតុខាងលើ។ រហូតដល់ម៉ោងជាង៧យប់ទើបរកសាកសពជនរងគ្រោះឃើញនៅកន្លែងផ្សេង។

លោកហម សាវួន មេប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយបានឱ្យដឹងនៅថ្ងៃទី២១ខែតុលានេះថា ក្រោយការរកឃើញសាកសពនៅយប់ថ្ងៃទី១៩តុលា ម៉ោងប្រមាណជា៧ជាង ទើបមិនអាចពិនិត្យនិងធ្វើការសន្ឋិដ្ឋានបាន តែឃើញសាកសពជនរងគ្រោះដេកផ្គាប់មុខទៅនឹងទឹកប្រឡាយ សង្ស័យរអិលជើងដួលទើបឆក់ស្លាប់ខ្លួនឯងតែម្តងទៅ។ នៅព្រឹកថ្ងៃទី២០តុលាទើបកម្លាំងជំនាញ និងក្រុមគ្រូពេទ្យចុះពិនិត្យធ្វើកោសល្យវិច័យលើសាកសពជាក់ស្តែងម្តងទៀត ឃើញថា ពុំមានអំពើឃាតកម្មនោះទេ គឺស្លាប់ដោយឧប្បត្តិហេតុខ្សែភ្លើងឆក់ខ្លួនឯងស្លាប់តែម្តង ហើយម្យ៉ាងវិញទៀតសាកសពក៍មានសភាពហើមស្អុយទៅហើយ។ ក្រោយការពិនិត្យរួចរាល់ហើយនោះ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះខាងលើ ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ព្រះពុទ្ធសាសនា៕

ដោយ៖ មាស សុផាត


ចែករំលែក៖