ភ្នំពេញ៖ ក្នុងការអនុវត្តការងារ ក្រុមប្រឹក្សាសង្កាត់ គួរតែប្រមូលមតិយោបល់ និងសំណើសំណូមពររបស់ប្រជាពលរដ្ឋ និងជំរុញលើកទឹកចិត្តឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការគ្រប់គ្រងអភិវឌ្ឍសង្កាត់នីមួយៗរបស់ខ្លួន ហើយបានផ្តល់ព័ត៌មានត្រឡប់ទៅប្រជាពលរដ្ឋលើកិច្ចការនានាដែលសង្កាត់ បានកំពុងអនុវត្ត ធ្វើយ៉ាងណាឱ្យសង្កាត់មានការអភិវឌ្ឍ រីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ ប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការចូលរួម និងបញ្ចេញមតិយោបល់ក្នុងការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគសង្កាត់ ហើយអាចចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសង្កាត់ក្នុងកិច្ចដំណើរការរៀបចំ អនុវត្ត និងតាមដានត្រួតពិនិត្យលើផែនការអភិវឌ្ឍន៍ ការប្រើប្រាស់ថវិកា ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន។ នេះបេីយោងតាមការបញ្ជាក់ពីលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការលើកឡើងបែបនេះរបស់ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២-២០២៧ ទៅដល់ក្រមប្រឹក្សាសង្កាត់នៅក្នុងខណ្ឌចំការមន និងខណ្ឌបឹងកេង តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
បន្ថែមពីនេះ លោកប្រធានក្រុមការងារ បន្តថា ក្រុមប្រឹក្សា សង្កាត់ទទួលបានសិទ្ធិអំណាច និងមុខងារក្នុងការធ្វើសេចក្តីសម្រេចចិត្តដើម្បីចាត់ចែង និងដោះស្រាយបញ្ហានានាដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន និងការអភិវឌ្ឍមូលដ្ឋាន ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសង្កាត់ ត្រូវបន្តផ្តល់សេវាសាធារណៈនានា មានភាពកាន់តែល្អប្រសើរប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព និងភាពជឿទុកចិត្ត ជាពិសេសសេវាអប់រំ សេវាសុខាភិបាល ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ រួមទាំងការផ្តល់សេវារដ្ឋបាល។
ចំពោះសេវាចុះបញ្ជីសំបុត្រកំណើត ចុះបញ្ជីអាពាហ៍ពិពាហ៍ ចុះបញ្ជីមរណភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋមិនគិតកម្រៃ។ ប្រជាពលរដ្ឋក៏បានទទួលការផ្តល់សេវាផ្សេងៗទៀត ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស មានការកំណត់តម្លៃ និងរយៈពេលនៃការផ្តល់សេវាច្បាស់លាស់ តាមរយៈការធ្វើទំនើបកម្មយន្តការផ្តល់សេវារដ្ឋបាលមានលក្ខណៈប្រមូលផ្តុំនៅកន្លែងតែមួយតាមយន្តការច្រកចេញចូលតែមួយ ដើម្បីបង្ខិតការផ្តល់សេវារដ្ឋបាលឲ្យទៅកៀកជិតប្រជាពលរដ្ឋ។
គួរជម្រាបជូនដែរថា នៅក្នុងដំណើររីកចម្រើនរបស់ប្រទេសជាតិ ការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដើម្បីអភិវឌ្ឍឃុំ-សង្កាត់ ឆ្នាំ២០១៧-២០២២ ទទួលបានលទ្ធផលដ៏ល្អប្រសើរ ធ្វើឲ្យគ្រប់ឃុំសង្កាត់សុទ្ធតែមានការអភិវឌ្ឍលើគ្រប់វិស័យនៅក្រោមម្លប់នៃសន្តិភាព។ ប្រជាពលរដ្ឋទាំងអស់សុទ្ធតែទទួលបានផលប្រយោជន៍ពីគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ទាំងក្នុងការបង្កើត និងពង្រីកមុខរបរ ការងារ, វិស័យកសិកម្ម, ការមិនយកពន្ធលើដីកសិកម្មដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ, ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ឃុំ សង្កាត់, ការពង្រឹងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ សនិ្តសុខទឹក និងសន្តិសុខថាមពលអគ្គិសនី, ការអភិវឌ្ឍ និងគ្រប់គ្រងផ្សារ។ល។
ភូមិ ឃុំ សង្កាត់កាន់តែមានសុវត្ថិភាពរឹងមាំ ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង ហើយបានរស់នៅយ៉ាងសុខសាន្ត ប្រកបដោយសុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូលដោយពុំមានការបែងចែករើសអើងអ្វីមួយឡើយ។
លទ្ធិប្រជាធិបតេយ្យចាក់ឫសគល់កាន់តែជ្រៅនៅក្នុងមូលដ្ឋាន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលបានចែងនៅក្នុងរដ្ឋធម្មនុញត្រូវបានគោរព និងការពារ ប្រជាពលរដ្ឋបានចូលរួមប្រកបដោយភាពជាម្ចាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រស្របតាមឆន្ទៈរបស់ខ្លួន៕
ដោយ៖ស តារា