ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹង​ល្អ! ចាប់ថ្ងៃទី១ ខែវិច្ឆិកា ប្រជាពលរដ្ឋកម្ពុជា អាចធ្វើដំណើរទៅកាន់ប្រទេសថៃដោយគ្មានការ ធ្វើចត្តាឡីស័ក ក្នុងចំណោម ៤៦ប្រទេស

ចែករំលែក៖

ប្រទេសថៃ ៖ បើយោងតាមប្រភពពី ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់អោយដឹងថា រាជរដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឱ្យអ្នកដំណើរដែលទទួលថ្នាំបង្ការជំងឺកូវីដ-១៩ពេញលេញ មកពីប្រទេសដែលមានហានិភ័យទាបចំនួន ៤៦ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ បានធ្វើដំណើរទៅកាន់ប្រទេសថៃដោយគ្មានការ ធ្វើចត្តាឡីស័ក នៅពេលប្រទេសថៃបើកដំណើរការឡើងវិញ ចាប់ពីនៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១។

ករណីបញ្ជាក់នេះ ក៏ត្រូវបានធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីប្រទេសថៃផងដែរ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍ ដោយក្នុងនោះលោកបានលើកឡើងថា «យើងត្រូវបោះជំហានឱ្យបានលឿន ហើយធ្វើវាឥឡូវនេះ !  ពីព្រោះ, បើយើងរង់ចាំឱ្យអ្វីៗគ្រប់ យ៉ាងល្អឥតខ្ចោះជាមុនសិននោះ យើងអាចនឹងយឺតពេល។ លើសពីនេះ អ្នកទេសចរអាចសម្រេចចិត្ត ធ្វើដំណើរទៅកាន់ប្រទេសផ្សេងជំនួសវិញ…»។

សូមជម្រាបថា, សម្រាប់កម្ពុជា ទី១-ត្រូវចាក់វ៉ាក់សាំងគ្រប់ដូស និងទី២-ពិនិត្យសុខភាពបញ្ជាក់ពីក្រសួងសុខាភិបាលថា អវិជ្ជមានកូវីដ-១៩។

កម្ពុជាជាប្រទេសដែលមានប្រជាពលរដ្ឋច្រើនចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ក្នុងនោះមានកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៦៧%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៥៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ មាន  ៩៩,៩១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ដោយ ៖ សិលា


ចែករំលែក៖