ខេត្តបន្ទាយមានជ័យ៖ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ទំនិញខូចគុណភាពជាច្រើនមុខត្រូវបានមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប. ឬ CCF) សាខាខេត្តបន្ទាយមានជ័យដកហូតពីអ្នកលក់ដូរយកទៅកម្ទេចចោល។
សូមបញ្ជាក់ថា ករណីខាងលើនេះដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា និងមន្ត្រីជំនាញលោកដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ហើយបានណែនាំនិងព្រមានថា អាជីវករលក់ដូរទាំងឡាយត្រូវតែប្រយ័ត្នខ្ពស់ចំពោះអាជីវកម្មរបស់ខ្លួន ហើយអ្នកលក់ដូរទំនិញខូចគុណភាព ហួសកាលបរិច្ឆេទឱ្យទៅអ្នកប្រើប្រាស់នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់។
ជាមួយគ្នានោះមន្ត្រី ក.ប.ប. បានណែនាំដល់បងប្អូនអាជីវករថា បើនៅបន្តលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ ឬទំនិញហាមឃាត់ទៅឱ្យអ្នកប្រើប្រាស់ មិនត្រឹមតែខូចម៉ូយឬធ្វើឱ្យអតិថិជនបាត់បង់ជំនឿ និងលែងទិញប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមលើនោះត្រូវសមត្ថកិច្ចរឹបអូសយកទៅកម្ទេចចោល ផាកពិន័យអន្តរកាល និងប្រឈមមុខចំពោះផ្លូវច្បាប់ថែមទៀត។
មន្ត្រីជំនាញដែលបានចុះអនុវត្តខាងលើនេះបានថ្លែងដូច្នេះកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខណៈដែលមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះដកហូតផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់នៅតាមផ្ទះតៀមក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ និងនៅភូមិអូរជ្រៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលនៅជាប់ព្រំប្រទល់គ្នា។
លោក សាន វិជ្ជាសារ៉ាវុធ បានឱ្យដឹងបន្តថា ជាលទ្ធផលមន្ត្រីជំនាញរបស់លោកបានដកហូតផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មានដូចខាងក្រោម៖
-ទឹកក្រូច Fanta ចំនួន៥ដប ស្មើនឹង ៦,២៥ លីត្រ
-ប័រ Blue Band ចំនួន១៦កំប៉ុងស្មើនឹង ២,៤ គីឡូក្រាម
-ទឹកស៊ីអុីវ យីហោផ្កាឈូកចំនួន៦ដប ស្មើនឹង៣លីត្រ
-ម្សៅស៊ុប Knore ចំនួន១០៩កញ្ចប់ ស្មើនឹង០,៤៣៦គីឡូក្រាម
-ភេសជ្ជៈ Samurai ចំនួន១ដប ស្មើនឹង ០,៤៨ លីត្រ
-ទឹកក្រូច Fanta ដបតូចចំនួន០១ដប ស្មើនឹង ០.៣៥លីត្រ
-នំប័រ Jack Jill ចំនួន៩៤កញ្ចប់ ស្មេីនឹង ១,៤៤៧ គីឡូក្រាម។សរុបចំនួន ១៤,៣៦៣ គីឡូក្រាម ។
ក្នុងសកម្មភាពនេះដែរ មន្ត្រីជំនាញ ក៏បានចុះពន្យល់ណែនាំដល់អាជីវករឱ្យបញ្ឈប់ការលក់ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ទៅដល់អ្នកប្រើប្រាស់ ជៀសវាងការប្រឈមមុខចំពោះផ្លូវច្បាប់ ។
មន្ត្រីជំនាញបានបញ្ជាក់ថាកម្លាំងរបស់លោកនឹងអនុវត្តហើយណែនាំដល់បងប្អូនបន្តទៀតបើសិនអ្នកណាម្នាក់ហ៊ានបំពាននឹងប្រឈមមុខចំពោះច្បាប់៕
ដោយ ៖ អរុណរះ