ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសកម្ពុជាវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសកម្ពុជាវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី។ នេះបើតាមការបញ្ជាក់ពី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈបានបើកឱ្យមានការផ្តល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍ ដើម្បីទទួលភ្ញៀវបរទេស និងទេសចរណ៍ទូទៅ និងដាក់ឱ្យដំណើរការឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ។

សូមអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមកាត់ផ្តាច់ចរន្តជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងដើម្បីមនុស្សជាទីស្រឡាញ់របស់យើងទាំងអស់គ្នា។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការបរទេស បានជម្រាបជូន លោក លោកស្រី ឯកអគ្គរាជទូត លោក លោកស្រី អគ្គកុងស៊ុល និង កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស។

យោង៖ – ចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

ខ្ញុំសូមជម្រាបជូន លោក លោកស្រី ឯកអគ្គរាជទូត លោក លោកស្រីអគ្គកុងស៊ុល និង កុងស៊ុលកិត្តិយស ថា យោងលើការវិវឌ្ឍកាន់តែប្រសើរឡើងនៃស្ថានភាពទប់ទល់នឹងជំងឺកូវីដ-១៩ នៅកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាព ប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី ដោយបានសម្រួលលក្ខខណ្ឌគោលការណ៍ នៃការផ្តល់ទិដ្ឋាការ និងរបបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា ដូចខាងក្រោម៖

១.បើកឱ្យមានការផ្ដល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍ ដែលត្រូវបានផ្អាក ក្រោយវិបត្តិនៃជំងឺ កូវីដ-១៩ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរណ៍ទូទៅ និងដាក់ឱ្យដំណើរការ ឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ (Visa Exemption)

២.ដាក់ដំណើរការឡើងវិញនូវការស្នើសុំទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច (e-Visa) ដើម្បីសម្រួល ដល់អ្នកដំណើរក្នុងការស្នើសុំទិដ្ឋាការចូលមកកម្ពុជា ប៉ុន្តែនៅបន្តផ្អាកការផ្តល់ទិដ្ឋាការនៅ ពេលមកដល់ (Visa on Arrival)។

៣.គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ បានកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូល មកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី តាមរយៈសេចក្តីជូនដំណឹងលេខ ៤៥៣ សខល ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ដូចមានជូនភ្ជាប់ជាភាសាខ្មែរ និងអង់គ្លេស(បកប្រែជាផ្លូវការ)។

សូម លោក លោកស្រី ឯកអគ្គរាជទូត លោក លោកស្រី អគ្គកុងស៊ុល និងកុងស៊ុល កិត្តិយស អនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖