ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា, ទិដ្ឋភាពបរិមណ្ឌលបន្ទាយស្រី តែងតែផ្លាស់ប្តូរសោភ័ណភាពតាមរដូវកាល ស្រស់ស្រាយជាមួយសួនច្បារបៃតង ប្រដុំប្រសងនឹងពណ៌លឿងកួរស្រូវ តាមផ្លូវទៅកាន់ឧទ្យានជាតិភ្នំគូលែន ពិតជាគួរជាទីមនោរម្យយ៉ាងខ្លាំងចំពោះអ្នកដែលបានមកទស្សនាផ្ទាល់ និងអ្នកទស្សនាតាមរូបភាព។
ក្រសួងទេសចរណ៍ក៏សូមអោយបងប្អូនជនរួមជាតិ បានសុខសុវត្ថិភាពទាំងអស់គ្នាក្នុងការធ្វើដំណើរកម្សាន្តនានា។
សូមបញ្ជាក់ថា, សូម្បីតែរង្វង់មូលបន្ទាយស្រី ក៏មានសោភ័ណភាព កាលបើ ទៅលេងបន្ទាយស្រី មិនជិនណាយចោលប្រសែភ្នែកនោះឡើយ។
លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានថ្លែងថា, បន្ទាយស្រី > ស្អាតគ្រប់រដូវកាល < កុំភ្លេច, តោះ តោះ ! សាកក្រឡេកមើលពីសោភ័ណភាពនៃ ” រង្វង់មូលបន្ទាយស្រី “ បន្តិចទៅមើលថាវានឹងត្រជាក់ភ្នែកប៉ុណ្ណាដែរ !
លោកបន្តថា, អ្នកទាំងអស់គ្នាធ្លាប់តែឃើញផ្កាស្រស់ស្អាត ឥលូវនេះកាន់តែពិសេស កាន់តែប្លែក កាន់តែថ្មីទៀតហើយ គឺស្រែស្រូវនៅលើរង្វង់មូលបន្ទាយស្រីដែនដីដ៏ស្រស់ត្រកាលនេះតែម្តង។
លោកថ្លែងបន្តទៀតថា, មោះ ! ទស្សនាវីដេអូសិន ចាំទំនេរមកមើលផ្ទាល់បានគ្រប់ពេលណាបងប្អូន ៕
ដោយ ៖ សិលា