ខេត្តត្បូងឃ្មុំ ៖ ម៉ូតូចម្រុះគ្រប់ប្រភេទគ្មានពន្ធនាំចូល ហេីយបានដាក់តាំងលក់នៅតាមផ្ទះចំនួន២៦កន្លែង ស្ថិតនៅផ្សារមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានគយចល័តតំបន់៦ចាប់យករក្សាទុកចំនួន៩៨គ្រឿង ដេីម្បីឱ្យម្ចាស់ចូលខ្លួនបង់ពន្ធតាមច្បាប់កំណត់ ។
ការបង្ក្រាបប្រេីប្រាស់កម្លាំងចម្រុះ ដឹកនាំដោយលោក ព្រាប គារ៉ាត់ មេគយចល័តតំបន់៦ ធ្វើឡេីងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ដែលការបង្ក្រាបប្រេីរបៀបឆ្មក់ចុះចាប់ម៉ូតូគ្មានពន្ធនាំចូលដែលកំពុងដាក់តាំងលក់នៅតាមផ្ទះចំនួន២៦កន្លែង ស្ថិតនៅផ្សារមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ជាលទ្ធផលចាប់បានម៉ូតូចម្រុះគ្រប់ប្រភេទចំនួន៩៨គ្រឿង ។
បច្ចុប្បន្នម៉ូតូទាំង៩៨គ្រឿងនេះត្រូវបានកម្លាំងគយចល័តដឹកជញ្ជូនយកទៅទុកនៅកន្លែងឈរជើងបណ្តោះអាសន្ន តាមផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុកពញាក្រែក ដើម្បីអនុវត្តតាមនីតិវិធីគយ និងរដ្ឋាករ ។
មានមតិលេីកឡេីងថា វត្តមានម៉ូតូអត់ពន្ធនៅពាសពេញផ្ទៃប្រទេសបែបដូច្នេះគឺមិនត្រឹមតែបង្ហាញនូវការមិនស្មើភាពគ្នានៅក្នុងសង្គមប៉ុណ្ណោះទេ គឺថែមទាំងធ្វើឱ្យបាត់បង់ចំណូលពន្ធរបស់រដ្ឋយ៉ាងសន្ធឹកសន្ធាប់ទៀតផង។ការតម្រូវឱ្យម្ចាស់ម៉ូតូចម្រុះអត់ពន្ធចូលទៅបង់ពន្ធគួរត្រូវធ្វើឡើងដោយគោរពតាមគោលការណ៍ច្បាប់ជាក់លាក់ ៕
ដោយ៖ វណ្ណៈ