ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា៖ ថ្ងៃទី២៣ តុលា ២០២១នេះ ជាថ្ងៃដែលថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ប្រារព្ធពិធី និងអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ដំណោះនយោបាយរួម នៃជម្លោះកម្ពុជា ឬហៅកាត់ថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស” ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋខ្មែរ ដែលបានផ្តើមចេញពីការចរចានយោបាយរវាងឥស្សរជនខ្មែរ គឺព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តំណាងរដ្ឋាភិបាលកម្ពុជានាសម័យនោះ មុននឹងឈានទៅដល់សន្និសីទអន្តរជាតិទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ព្រមទាំងឈានទៅដល់រៀបចំការបោះឆ្នោតជាតិ លើកដំបូងនៅឆ្នាំ១៩៩៣។
លោក ស សុខា បានបញ្ជាក់បន្ថែមទៀតថា ក្រោយបោះឆ្នោតជាតិឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញថ្មី ត្រូវបានបង្កើតឡើង។ ស្មារតីរបស់កិច្ចព្រមព្រៀង ត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូល និងច្បាប់គ្រឹះតែមួយគត់តរៀងមក។ ជាជំហានៗ កម្ពុជាបានធ្វើដំណើរលើមាគ៌ាប្រជាធិបតេយ្យ សេរីពហុបក្ស ប៉ុន្តែកម្ពុជាពេលនោះមិនទាន់មានសន្តិភាពពេញលេញនៅឡើយ ព្រោះសង្គ្រាមស៊ីវិលនៅតែបន្តកើតមានដោយអន្លេីរ ប៉ុន្តែជាភ័ព្វសំណាងកម្ពុជាយើង មានថ្នាក់ដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃ និងអង់អាចក្លាហាន បានធ្វើឲ្យសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា បញ្ចប់ជាស្ថាពរនៅឆ្នាំ១៩៩៨ ក្រោមនយោបាយ ឈ្នះ-ឈ្នះ ។
ក្រោមនយោបាយ ឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ចាប់ពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានឆ្លងផុតពីភ្លើងសង្គ្រាម ប្រជាពលរដ្ឋបានរួមរស់ក្នុងសុខសន្តិភាពយ៉ាងពេញលេញ ប្រទេសជាតិមានការអភិវឌ្ឍគ្រប់វិស័យ និងមានភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិទៀតផង ។
ជាការពិត តាមតម្លៃគតិយុត្ត កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះអស់សុពលភាពចាប់តាំងពីកម្ពុជាបានអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣មក។ ដូចមាត្រា១នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបញ្ជាក់យ៉ាងច្បាស់អំពីការបញ្ចប់សុពលភាពកិច្ចព្រមព្រៀង ដោយបានចែងថា ដើម្បីបំរើវត្ថុបំណងនៃកិច្ចព្រមព្រៀងនេះ ដំណាក់កាលអន្តរកាលត្រូវចាប់ផ្តើមពីពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន ហើយត្រូវបញ្ចប់នៅពេលសភាធម្មនុញ្ញត្រូវបានបង្កើតឡើងហើយបានអនុម័តរដ្ឋធម្មនុញ្ញនិងបានក្លាយខ្លួនឯងទៅជាសភានីតិបញ្ញត្តិ រួចរាជរដ្ឋាភិបាលត្រូវបានបង្កើតឡើង។ តែទោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបញ្ចប់សុពលភាពក៏ពិតមែន តម្លៃរបស់វាពិតជាមានអត្ថន័យមិនអាចកាត់ថ្លៃបាន ព្រោះជាការបើកទំព័រប្រវត្តិសាស្ត្រក្នុងការស្វែងរកនូវសន្តិភាព ការបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមរវាងគ្នានិងគ្នា ដោយរួមគ្នាស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចំរើន។
បន្ថែមពីនេះ លោក ស សុខា បានគូសបញ្ជាក់ថា ក្នុងនាមយុវជនខ្មែរជំនាន់ក្រោយមួយរូប ខ្ញុំសូមប្តេជ្ញាចូលរួមថែរក្សា ការពារសន្តិភាព ដែលថ្នាក់ដឹកនាំយើង ពុះពារគ្រប់ឧបសគ្គ ឆ្លងកាត់ព្យុះភ្លៀង រកបានដោយលំបាកនេះ ពិសេសមិនឲ្យប្រទេសកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្គ្រាមសារជាថ្មីឡើយ និងចូលរួមថែរក្សាស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ឲ្យបានឋិតថេរគង់វង្សជាអមតៈ ៕
ដោយ៖ស តារា