សាធារណរដ្ឋកូរ៉េ ៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ លោកស្រី ឯកអគ្គរាជទូត កម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញទស្សនៈកិច្ចនៅក្រុមហ៊ុន Empired Trading CO.,LTD និងជួបពិភាក្សាការងារជាមួយ លោកស្រី Cristal (손태선) អគ្គនាយកក្រុមហ៊ុន ព្រមទាំងស្វាមី និងសហការី។ Empired Trading ជាក្រុមហ៊ុនធំនៅប្រទេសកូរ៉េ ដែលបាននឹងកំពុងនាំចូលបន្លែ ផ្លែឈើច្រើនប្រភេទ ពីប្រទេសក្នុងតំបន់ Asean ដើម្បីយកមកចែកចាយលើទីផ្សារក្នុងប្រទេសកូរ៉េ សម្រាប់កម្ពុជា បច្ចុប្បន្នក្រុមហ៊ុនកំពុងសហការជាមួយក្រុមហ៊ុន Hyundai Agriculture Cambodia នាំចូល ផ្លែស្វាយ (ខៀវ និងលឿង) គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ត្រយ៉ូងចេក និងស្លឹកចេក។ល។
លោកស្រី ឯកអគ្គរាជទូតបានចែករំលែកព័ត៌មានពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ ដែលគ្រោងនឹងចុះហត្ថលេខានាថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ សម្រាប់ក្រុមហ៊ុនមានការចាប់អារម្មណ៍ជាខ្លាំង និងរង់ចាំមើលឳកាសបន្ថែមដើម្បីពង្រីកការវិនិយោគ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងជួបបញ្ហាប្រឈមលើការដឹកជញ្ជូនតាមជើងយន្ដហោះមានតម្លៃខ្ពស់ជាហេតុបណ្ដាលឱ្យតម្លៃការនាំចូលកើនឡើងលើសតម្លៃទីផ្សារ ក្នុងអំឡុងពេលវិបត្តិកូវីដនេះ។ ឆ្លើយតបនឹងបញ្ហានេះលោកស្រី ក៏បានទទួលយកបញ្ហានេះដើម្បីពិនិត្យ សិក្សាស្វែងរកដំណោះស្រាយ ដើម្បីបង្ករលក្ខណៈងាយស្រួល និងឆាប់រហ័ស និងតម្លៃសមរម្យពាក់ព័ន្ធសម្រាប់ការដឹកជញ្ជូនទំនិញទាំងតាមយន្ដហោះ និងតាមកប៉ាល់។ល។
ដោយ៖ សិលា