ភ្នំពេញ៖ នៅយប់ថ្ងៃសុក្រ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យតាមទីតាំងអាជីវកម្មក្លិបកម្សាន្ត ខារ៉ាអូខេ និងបៀរហ្គាឌិន នៅក្នុងភូមិសាស្ត្រខណ្ឌរបស់លោកដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ, លោកអនុប្រធានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធដទៃទៀត។
ក្រុមការងាររដ្ឋបាលខណ្ឌចំការមនបានពិនិត្យឃើញថា ទីតាំងអាជីវកម្មក្លិបកម្សាន្ត ខារ៉ាអូខេ និងបៀរហ្គាឌិននៅក្នុងភូមិសាស្ត្រខណ្ឌចំការមនបានបិទទាំងអស់។ ដោយឡែកក្រុមការងារបានត្រួតពិនិត្យទីតាំងភោជនីយដ្ឋានមួយកន្លែងមានយីហោ Music Restaurant ដែលស្ថិតក្នុងផ្សារ វ័ន ម៉ល ផ្លូវរដ្ឋសភា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពុំបានចូលរួមតាមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ឡើយ។ ដូច្នេះក្រុមការងារបានសម្រេចផ្អាកអាជីវកម្មភោជនីយដ្ឋានមួយនេះជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងសាជាថ្មី៕
ដោយ៖ជីណា