ព័ត៌មានទាន់ហេតុការណ៍៖

សូមស្វែងយល់​ពីករណីគ្រោះថ្នាក់ចរាចរណ៍​ និងការដោះស្រាយតាមប្រព័ន្ធផ្លូវច្បាប់​ និងការទទួលទោសទណ្ឌក្រោយជនបង្កបណ្តាលឲ្យមានមនុស្សរបួសនឹងស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាគ្រោះថ្នាក់ចរាចរគឺជាប្រធានបទក្តៅមួយនៅក្នុងប្រទេសកម្ពុជាយើង ដោយសង្កេតឃើញថា មួយរយះពេលចុងក្រោយនេះគឺក្រោយការបើកបំរាមគោចរឡើងវិញឃើញថានៅក្នុងរាជធានីភ្នំពេញយើងមានករណីគ្រោះថ្នាក់ចរាចរកើតមានឡើងច្រើន និងបណ្តាលឲ្យមានអ្នកស្លាប់ របួស​និងខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែរ ។ ករណីគ្រោះថ្នាក់ចរាចរគឺជាឃាតករទីមួយដែលបានឆក់យកអាយុជីវិត ប្រជាពលរដ្ឋខ្មែរច្រើនជាងគ្រោះថ្នាក់ ដែលបណ្តាលមកពីកត្តាផ្សេងៗ។ ហើយគ្រោះថ្នាក់ចរាចរនេះក៏បានបំផ្លាញថវិកាជាតិ អស់រាប់រយលានដុល្លារអាមេរិកផងដែរនៅក្នុងមួយឆ្នាំៗជាពិសេសការចំណាយទៅលើសេវាសុខាភិបាល។ អ្នកស្លាប់ភាគច្រើនគឺជាយុវជន ដែលកំពុងពេញកំលាំងក្នុងការរកស៊ីចិញ្ចឹមគ្រួសារ និងចូលរួមកសាងប្រទេសជាតិ ដែលកត្តានេះជំរុញឲ្យផែនការកាត់បន្ថយភាពក្រីរបស់រាជរដ្ឋាភិបាលជួបឧបសគ្គយ៉ាងខ្លាំង។ ចំពោះគ្រោះថ្នាក់ចរាចរនេះក៏បង្កឲ្យមានផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិផងដែរ។ 

តែចំពោះនីតិវិធីដោះស្រាយករណីគ្រោះថ្នាក់ចរាចរនេះគឺប្រជាពលរដ្ឋយើងភាគច្រើននៅមិនទាន់យល់ដឹងពីដំណោះស្រាយជាមួយគ្នារវៀងយានយន្តផ្សេងៗ និងដូចជាបងបង្កឲ្យខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋនៅក្នុងហេតុការគ្រោះថ្នាក់ចរាចរនេះនោះទេ។ 

 ពាក់ព័ន្ធជាមួយនឹងករណីគ្រោះថ្នាក់ចរាចរនេះដែរចំពោះនីតិវិធីដោះស្រាយករណីគ្រោះថ្នាក់ចរាចរនេះដែរ លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណះ នៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ បានឲ្យ ដឹងតាមបណ្តាញសង្គម Telegram ថា ចំពោះ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយខូចខាតតែសម្ភារៈ យោងតាមមាត្រា៣៦ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក៖ ករណីគ្រោះថ្នាក់កើតឡើងបណ្តាលឲ្យខូចខាតតែទ្រព្យសម្បត្តិ ភាគីទាំងពាក់ព័ន្ធ អាចសម្រួលគ្នាបានដោយមិនចាំបាច់សុំអន្តរាគមន៍ពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកឡើយ។ 

 លោក ថី វិសាល បានឲ្យដឹងទៀតថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កអោយមានរបួស យោងតាមមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៖ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យមានរបួសដល់អ្នកដទៃ ហើយបណ្តាលឲ្យអ្នករងគ្រោះអសមត្ថភាព ធ្វើការងារក្នុងរយៈពេលស្មើឬលើសពី៨(ប្រាំបី)ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ)ខែទៅ២(ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន)រៀលទៅ១០.០០០.០០០ (ដប់ លាន)រៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬច្រើនដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម)នៃក្រមព្រហ្មទណ្ឌ។ 

អំពើល្មើសខាងលើនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំទៅ៣(បី)ឆ្នាំ និងពិន័យជា ប្រាក់ពី ៤.០០០.០០០(បួនលាន)រៀល ទៅ១៥.០០០.០០០(ដប់ប្រាំលាន)រៀល កាល បើអំពើនេះបានប្រព្រឹត្ត ក្នុងករណីណាមួយ ដូចជាបើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។ 

ការបើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០(សូន្យក្បៀស សែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី០,៨០(សូន្យក្បៀសប៉ែតសិប)ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ និងបណ្តាលឲ្យមានរបួសមនុស្សច្រើននាក់ ហើយរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។ 

 អនុប្រធាននាយកដ្ឋាននគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃបានឲ្យដឹងបន្ថែមទៀតថា ​ករណីគ្រោះថ្នាក់ចរាចរណ៍បង្កអោយមានមនុស្សស្លាប់ យោងតាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៖ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពី ចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ ៣ (បី)ឆ្នាំ និងពិន័យជាប្រាក់ពី៤.០០០. ០០០(បួនលាន)រៀលទៅ១៥.០០០.០០០(ដប់ប្រាំលាន) រៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣(ប្រភេទនៃ ទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។ 

 លោក ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណះ នៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ បានឲ្យដឹងទៀតថា អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជា ប្រាក់ ពី១០.០០០.០០០(ដប់លាន)រៀលទៅ២៥.០០០.០០០(ម្ភៃប្រាំលាន)រៀល កាលបើ អំពើនេះបានប្រព្រឹត្តក្នុងករណីបើកបរដោយគ្មានបណ្ណបើកបរឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយាន យន្ត ការបើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០(សូន្យក្បៀស សែសិប) មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី០,៨០(សូន្យក្បៀសប៉ែតសិប)ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ និងបើកបរបណ្តាលឲ្យមានស្លាប់មនុស្សច្រើននាក់ ហើយរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។

 លោកឧត្តមសេនីយ៍ត្រី ថី វិសាល បានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១គ្រោះថ្នាក់ចរាចរកើតឡើងសរុប១.

២៦១លើក (យប់៥៤ភាគរយ) បណ្តាលឲ្យមានអ្នកស្លាប់៧០៩នាក់ និងរបួស១.៧៩២នាក់(ធ្ងន់១.០៤៦នាក់)។ហើយចំពោះមូលហេតុដែលបង្កគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៣៤ភាគរយ បើកបរមិនគោរពសិទ្ធិ២៣ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ វ៉ាជែង៨ភាគរយ បត់៩ភាគរយ កត្តាយាន៣ភាគរយ ស្រវឹង៣ភាគរយ និងសុបភាពងងុយដេក១ភាគរយ ។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកបើកម៉ូតូចំនួន៧៨ភាគរយ (៥៥៥/៧០៩) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩ភាគរយ (៣៨៥/៥៥៥) ។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៣៤០លើក ខេត្តកណ្តាល ៨៦លើក និងខេត្តស្វាយរៀង ៧៧លើក។ 

 លោកឧត្តមសេនីយ៍ត្រី ថី វិសាល បន្តថា បើគិតក្នុងត្រីមាសទី១ ឆ្នាំ២០២១ ធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរថយចុះ៣៥៨លើក ស្មើ២២ភាគរយ (១២៦១/១៦១៩លើក) ចំនួនអ្នកស្លាប់ថយចុះ១៥២នាក់ ស្មើ១៨ភាគរយ (៧០៩/៨៦១នាក់) និងចំនួនអ្នករងរបួសថយចុះ ៦៥៧នាក់ ស្មើ២៧ភាគរយ (១៧៩២/២៤៤៩នាក់)៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖