អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បាននិយាយបន្ទាប់ពី Aston Villa ត្រូវបានគេរាយការណ៍ថា បានទាក់ទងក្លិបភាគខាងជើងទីក្រុងឡុងមួយនេះសម្រាប់ការផ្ទេរកីឡាករអន្តរជាតិវ័យក្មេងរបស់អង់គ្លេស Smith Rowe ។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា Aston Villa ដេញថ្លៃពីរដងសម្រាប់ Smith Rowe នៅរដូវក្តៅ ប៉ុន្តែ Arsenal បានបដិសេធការដេញថ្លៃទាំងពីរ។ កីឡាករវ័យ ២០ ឆ្នាំរូបនេះនៅទីបំផុតបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយ Arsenal ក្នុងខែកក្កដា ដោយបញ្ចប់ការរំពឹងទុកអំពីអនាគតរបស់គាត់។
កីឡាករយុវជនរបស់អង់គ្លេសរូបនេះ បានចូលហ្វឹកហាត់ក្នុងក្រុម Arsenal តាំងពីគាត់អាយុ ៩ ឆ្នាំក្រោមការដឹកនាំរបស់អ្នកចាត់ការ Arteta កាលពីរដូវកាលមុន ហើយរកបាន ៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត(Assist) បាន ៥ ដងក្នុងការបង្ហាញខ្លួន ៣០ ប្រកួតក្នុងលីគ។
លោក Arteta បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួត Premier League កាលពីថ្ងៃសុក្រថ្ងៃទី២២ ខែតុលា ថា “មែនហើយ ក្លិបណាមួយមានសិទ្ធិធ្វើការសាកសួរអំពីកីឡាករម្នាក់ នៅពេលដែលពួកគេជឿថាពួកគេមានអំណាចផ្នែកហិរញ្ញវត្ថុដើម្បីទទួលបានគាត់ ពួកគេមានសិទ្ធិ”។
លោកបន្តថា “ដូច្នេះមានការប្រាស្រ័យទាក់ទងគ្នារវាងក្លិប ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ថា Emile Smith Rowe មិនមែនសម្រាប់លក់ទេ។គាត់គឺជាផ្នែកមួយដ៏ធំនៃអ្វីដែលយើងកំពុងព្យាយាមធ្វើ និងអនាគតរបស់យើង។ គាត់ពិតជាសប្បាយចិត្តណាស់ដែលគាត់នៅ ហើយខ្ញុំពិតជារីករាយដែលមានគាត់”។
សូមបញ្ជាក់ថា ក្រុម Arsenal ឈរនៅលេខរៀងទី៩ ក្នុងតារាងលីគដោយមាន១៤ពិន្ទុពីការប្រកួត៩លើក លើសក្រុមលេខ១៣ Aston Villa ៤ពិន្ទុដែលប្រកួតចាញ់កាលពីយប់ថ្ងៃសុក្រ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)