ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋខ្មែរ ដែលបានផ្តើមចេញពីការចរចានយោបាយរវាងតួរអង្គជាឥស្សរជនខ្មែរគឺព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តំណាងរដ្ឋាភិបាលកម្ពុជានាសម័យនោះ ដោយមានការគាំទ្រពីប្រទេសមហាអំណាចនិងប្រទេសជាមិត្តភក្តិជិតឆ្ងាយ មុននឹងឈានទៅដល់សន្និសីទអន្តរជាតិទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
លោកបន្តថា, ក្រោយបោះឆ្នោតជាតិឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញថ្មី ត្រូវបានបង្កើតឡើងជាមួយស្មារតីនៃកិច្ចព្រមព្រៀង ត្រូវបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូល។ ក្នុងការគោរពស្មារតីនេះ កម្ពុជាបានធ្វើដំណើរលើមាគ៌ាប្រជាធិបតេយ្យ សេរីពហុបក្ស ប៉ុន្តែកម្ពុជាពេលនោះមិនទាន់មានសន្តិភាពពេញលេញនៅឡើយ ព្រោះសង្គ្រាមស៊ីវិលនៅតែបន្តកើតមានដោយអន្លេីរ ប៉ុន្តែជាភ័ព្វសំណាងកម្ពុជាយើង ដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាកុលបុត្រខែ្មរដ៍ឆ្នេីមបំផុត ប្រកបដោយបញ្ញាញាណឈ្លាសវៃ គុណធម៌ភ្លឺថ្លា និងអង់អាចក្លាហាន បានធ្វើឲ្យសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា បញ្ចប់ជាស្ថាពរនៅឆ្នាំ១៩៩៨ ក្រោមនយោបាយ ឈ្នះ-ឈ្នះ ។
តាំងពីមុននិងក្រោមនយោបាយ ឈ្នះ-ឈ្នះ រហូតមកដល់បច្ចុប្បន្ន ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ កម្ពុជាបានឆ្លងផុតពីភ្លើងសង្គ្រាមបង្ហូរឈាមរវាងខែ្មរនិងខែ្មរ បាននាំមកជូនប្រជាពលរដ្ឋបានរួមរស់ក្នុងសុខសន្តិភាពយ៉ាងពេញលេញ ប្រទេសជាតិមានការអភិវឌ្ឍគ្រប់វិស័យ និងមានភាពស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិទៀតផង ។
លោកលើកទៀតថា, ជាការពិត តម្លៃគតិយុត្តនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះអស់សុពលភាពចាប់តាំងពីកម្ពុជាបានអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣មក!។ មាត្រា១នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបញ្ជាក់យ៉ាងច្បាស់អំពីការបញ្ចប់សុពលភាពកិច្ចព្រមព្រៀង ដោយបានចែងថា “ដើម្បីបំរើវត្ថុបំណងនៃកិច្ចព្រមព្រៀងនេះ ដំណាក់កាលអន្តរកាលត្រូវចាប់ផ្តើមពីពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន ហើយត្រូវបញ្ចប់នៅពេលសភាធម្មនុញ្ញត្រូវបានបង្កើតឡើងហើយបានអនុម័តរដ្ឋធម្មនុញ្ញនិងបានក្លាយខ្លួនឯងទៅជាសភានីតិបញ្ញត្តិ រួចរាជរដ្ឋាភិបាលត្រូវបានបង្កើតឡើង”។
ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបញ្ចប់សុពលភាពហេីយក៏ដោយ ក៏តម្លៃកិច្ចព្រមព្រៀងនេះពិតជាមានអត្ថន័យមិនអាចកាត់ថ្លៃបាន ព្រោះជាការបើកទំព័រប្រវត្តិសាស្ត្រក្នុងការស្វែងរកនូវសន្តិភាព បង្កេីតបានរដ្ឋធម្មនុញ្ញតាមបំណងប្រាថ្នារបស់ប្រជាជនសំរាប់សករាជថ្មីមួយ និងជាពិេសសបង្កេីតបានរបបរាជានិយមទី២ឡេីងវិញសំរាប់ព្រះរាជាណាចក្រដ៍កំសត់បំផុតដែលហៀបនឹងបាត់បង់របបនិងរាជវង្សរបស់ខ្លួនទៅហេីយ! ហេីយការបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមរវាងគ្នានិងគ្នា ដោយរួមគ្នាស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចំរើន ព្រមទាំងកំពុងដឹកនាំសង្គមជាតិសំដៅទៅរកអនាគតមួយដោយមោទនភាពជាតិនិងភាពសុខសាន្តតរៀងទៅ! ៕
ដោយ ៖ សិលា