ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្ត បានបង្ក្រាបសង្វៀនបញ្ជល់មាន់ មួយកន្លែង ស្ថិតនៅក្នុងក្រុងបាត់ដំបង ហើយបានឃាត់ខ្លួនបុរស៤នាក់និងវត្ថុតាងមួយចំនួន។
ប្រតិបត្តិការខាងលើនេះធ្វើឡើងនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ នេះ ដោយបានឃាត់ខ្លួនអ្នកពាក់ព័ន្ធ បានចំនួន ៤ នាក់ និងរឹបអូសវត្ថុតាង មួយចំនួន ហើយសមត្ថកិច្ចជំនាញ គ្រោងនឹងបញ្ជូន ជនសង្ស័យ រួមទាំងវត្ថុតាងទាំងអស់ ទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី ២៥ ខែតុលាដើម្បីអនុវត្តតាមច្បាប់។
លោក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល ខេត្តបាត់ដំបង បានបញ្ជាក់ថាបុរសញៀនល្បែងភ្នាល់បញ្ជល់មាន់ ទាំង ៤នាក់នោះ មាន ៖
១.ឈ្មោះ សុខ ផន អាយុ ៦៨ ឆ្នាំ មានលំនៅ នៅភូមិត្រាង ឃុំអូរតាគី,
២.ឈ្មោះ ឡុង លុច អាយុ ៥៤ ឆ្នាំ មានលំនៅ នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ,
៣.ឈ្មោះ សួន ណារិន អាយុ ៣១ ឆ្នាំ រស់នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ,
៤.ឈ្មោះ សារី សុខន អាយុ ៤០ ឆ្នាំ រស់នៅក្នុងភូមិចំការសំរោង ១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងមួយចំនួន រួមមាន ៖ មាន់ជល់ចំនួន ៣ ក្បាល សង្វៀន ស៊ុម ជញ្ជីងថ្លឹងមាន់ ព្រមទាំងសម្ភារពាក់ព័ន្ធ មួយចំនួនទៀត។
លោកបានបន្តថាកម្លាំងការិយាល័យជំនាញ គ្រោងនឹងបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទាំងអស់ ទៅកាន់ សាលាដំបូងខេត្ត នៅថ្ងៃចន្ទទី ២៥ ខែតុលា ដើមសប្តាហ៍នេះ៕
ដោយ៖ អរុណរះ