ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌចំការមន សហការជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់បណ្ដុះបណ្ដាល(ACE) ចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងសង្កាត់ទាំង០៥ ចំនួន ១១០នាក់

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានសហការជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់បណ្ដុះបណ្ដាល(ACE) បានរៀបចំពិធីចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងសង្កាត់ទាំង០៥ ចំនួន ១១០នាក់ ក្រោមវត្តមានលោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ម៉ៅ ស្រេង នាយកមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់បណ្ដុះបណ្ដាល (ACE) នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១ ។ 

ក្នុងឱកាសនេះ លោកស្រី កែវ សាម៉ុល បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខណ្ឌ លោកស្រីពិតជាមានក្តីសោមនសរីករាយយ៉ាងក្រៃលែង ចំពោះមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់បណ្ដុះបណ្ដាល (ACE) ដែលបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌចំការមននេះ ខណៈអំណោយដែលត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺជាសក្ខីភាព មួយដែលសបញ្ជាក់ឱ្យឃើញថា ជាការជួយសង្គ្រោះដោយគ្មានការប្រកាន់ទៅលើសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោលធ្វើឡើងដោយទឹកចិត្តអាណិត ស្រាលាញ់ រាប់អាន។

លោកស្រីអភិបាលរងខណ្ឌ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តឱ្យបានហ្មត់ចត់ តាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា  ដោយអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង ៣កុំ ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ។ 

ជាមួយគ្នានេះ លោកស្រី កែវ សាម៉ុល ក៏បានណែរនាំដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញទៅពិនិត្យបញ្ជីរឈ្មោះបោះឆ្នោត និងអ្នកដែលមិនទាន់មានឈ្មោះបោះឆ្នោត សូមចុះឈ្មោះបោះឆ្នោតតាមមូលដ្ឋានសង្កាត់ដែលខ្លួនរស់នៅឱ្យបានគ្រប់ៗ ខណៈការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ បានចាប់ផ្ដើមដំណើរការពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០២១។

លោក ស៊ុន សុទ្ធី នាយករដ្ឋបាលខណ្ឌចំការមន បានឱ្យដឹងថា អំណោយដែលចែកជូនដល់ពលរដ្ឋ ក្នុងម្នាក់ទទួលបាន ៖

-អង្ករ ០១បាវ ទម្ងន់ ២០គីឡូក្រាម

-មី ០១កេស

-ត្រីខ ១០កំប៉ុង

-ទឹកត្រី ០២ដប

-ទឹកស៉ីអ៉ីវ ០២ដប

-ឃីដ ០១( អាវ ០១, ម៉ាស់ ០១ប្រអប់, សៀវភៅ ៥ក្បាល, បំពង់ទឹកក្ដៅ ០១, កែវទឹក ០១, សាប៊ូ ០១ដុំតូច, ប៊ិច ០៥ដើម, ជ័រលុប ០៥) ៕

ដោយ៖ ជីណា


ចែករំលែក៖