ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​ខណ្ឌទួលគោក ក្រោយពិនិត្យរកឃើញភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ និងម៉ាស្សា៤ទីតាំងគ្មានច្បាប់អនុញ្ញាតអាជីវកម្មត្រឹមត្រូវ​ ក៏ណែនាំឱ្យស្នើសុំច្បាប់​ឡើង​វិញ​

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួមគោរពច្បាប់ និងឈានទៅកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ តាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងវិធានការរបស់ក្រសួងសុខាភិបាល​ គណៈបញ្ជាការឯកភាព​ខណ្ឌទួលគោក កាលពីយប់ថ្ងៃសៅរ៍ទី២៣​ ខែតុលា​ ឆ្នាំ​២០២១​ បានបន្តណែនាំដល់បណ្ដាភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ និងទីតាំងម៉ាស្សាផ្សេងៗគ្នា ចំនួន៤កន្លែង ឱ្យស្នើសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវជាមុនសិន មុននឹងបើកដំណើរការអាជីវកម្មរបស់ខ្លួន​ឡើង​វិញ​។ 

សូមជម្រាបថា​ ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ អាជ្ញាធរ​ខណ្ឌទួលគោក បានបែងចែកជា២ក្រុម ដែល​ដឹកនាំផ្ទាល់ដោយ លោក ចាន់ បណ្ឌិត និងលោក កែវ សុភា អភិបាលរងខណ្ឌ ក្រោមការបញ្ជាដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចុះត្រួតពិនិត្យជាក់ស្ដែង តាមបណ្ដាទីតាំងភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ទីតាំងម៉ាស្សា និងអាជីវកម្មដ្ឋានមួយចំនួនទៀត ក្នុងមូលដ្ឋាន ចាប់ពីម៉ោង០៨៖០០នាទី រហូតដល់ម៉ោង២៣៖០០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

បេី​តាមការបញ្ជាក់ពី​លោក ជា ពិសី បានឱ្យដឹងថា សម្រាប់ទីតាំងភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ និងកន្លែងម៉ាស្សា ដែលពុំទាន់មានច្បាប់អនុញ្ញាតបើកដំណើរការត្រឹមត្រូវ ទាំង៤កន្លែង រួមមាន៖ ភោជនីយដ្ឋាន Flamminggo ក្នុងសង្កាត់បឹងកក់ទី២ ត្រូវបានក្រុមការងារសម្រេចធ្វើកំណត់ហេតុ ឱ្យផ្អាកជាបណ្ដោះអាសន្ន និងណែនាំឱ្យស្នើសុំច្បាប់ឱ្យបានត្រឹមត្រូវជាមុនសិន មុនបើកដំណើរការអាជីវកម្ម។

ដោយឡែក​ភោជនីយដ្ឋាន «១០៣» ស្ថិតនៅផ្លូវ២៦១ ក្នុងសង្កាត់បឹងសាឡាង និងភោជនីយដ្ឋាន «អង្គរថ្មី» ស្ថិតនៅផ្លូវ២៥៣ កែងផ្លូវ២១០ ក្នុងសង្កាត់ទឹកល្អក់ទី៣ ក៏គ្មានច្បាប់អនុញ្ញាតដែរ និងត្រូវបានក្រុមការងារណែនាំឱ្យស្នើសុំច្បាប់ជាមុនសិន មុនបើកដំណើរការអាជីវកម្មរបស់ខ្លួន។

បន្ថែមពីនេះ​ លោកអភិបាលខណ្ឌ​ បានឱ្យដឹងទៀតថា​ ទីតាំងក្លឹបហាត់ប្រាណ១កន្លែងទៀត ស្ថិតនៅអគារអតីតសណ្ឋាគារឈូកទិព្វ ស្ថិតនៅតាមកំណាត់ផ្លូវ៣៣៦ ក្នុងសង្កាត់ផ្សារដើមគ ក៏គ្មានច្បាប់ដែរ និងត្រូវបានក្រុមការងាររដ្ឋបាលខណ្ឌ ណែនាំឱ្យស្នើសុំច្បាប់ប្រកបអាជីវកម្មជាមុនសិន មុននឹងបើកដំណើរការ ដើម្បីចូលរួមគោរពច្បាប់ និងគោរពវិធានការ «៣កុំ និង៣ការពារ» ដើម្បីឈានទៅកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ តាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងវិធានការរបស់ក្រសួងសុខាភិបាល៕

ដោយ​៖សហការី​


ចែករំលែក៖