ខេត្តបាត់ដំបង៖ បើតាមមន្ត្រីនគរបាលជំនាញមូលដ្ឋានប៉ុស្ដិ៍ឃុំរូងជ្រៃបានសាកសួរប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មានករណីក្មេងប្រុសពីរនាក់លង់ទឹកស្លាប់នេះបានកើតឡើងនៅវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២១ ត្រង់ចំណុចក្រុមទី ០៥ ក្នុងភូមិប៉ោយរំជៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចជំនាញមូលដ្ឋានបានបន្តថា ក្មេងប្រុសទាំង២នាក់ ជាជនរងគ្រោះទី១មានឈ្មោះ លឿន ចិត្ត ភេទប្រុស អាយុ ០៣ឆ្នាំ ទី២ឈ្មោះ ដួង ថៃ ភេទប្រុស អាយុ ០៥ឆ្នាំ ទាំង២នាក់ផ្ទះនៅជិតគ្នាក្នុងភូមិ -ឃុំកើតហេតុខាងលើ។
បើតាមប្រភពពីអ្នកភូមិបានបង្ហើបឲ្យដឹងថា÷ ក្មេងទាំង២នាក់លង់ទឹកស្រះនេះដោយសារជីវភាពខ្វះខាត ឪពុកម្តាយកុមាររងគ្រោះតែងតែព្រងើយកន្តើយមិនសូវយកចិត្តទុកដាក់ក្នុងការមើលថែកូនចៅឡើយ ទើបនៅថ្ងៃកើតហេតុក្មេងប្រុសទាំង ២នាក់មានឱកាសបបួលគ្នាដើរលេង រហូតដល់ទីក្បែរស្រះទឹកខាងលើក៏នាំគ្នាចុះងូតទឹកលេង ដោយមិនមានមនុស្សចាស់បានឃើញក៏លង់ស្លាប់តែម្តង។
ក្រោយមកក៏មានការភ្ញាក់ផ្អើល ហើយសង្ស័យក្រុមគ្រួសារក៏នាំគ្នាចុះទឹករាវរកទើបប្រទះឃើញសាកសពក្នុងសភាពផុតដង្ហើមស្តូកស្តឹងបាត់ទៅហើយ។
ភ្លាមៗកម្លាំងនគរបាលមូលដ្ឋានបានចុះទៅពិនិត្យដល់កន្លែងបញ្ជាក់ថា÷ ក្មេងទាំង ២នាក់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចក៏បានប្រគល់សាកសពទៅឲ្យឪពុកម្តាយរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស សារ៉េត