ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៥ខែ តុលា នេះ កម្លាំងនគរបាលស្រុកស្វាយចេក បានបញ្ជូនជនសង្ស័យប្រុសស្រីជាមេខ្យល់ចំនួន០៤នាក់ទៅសាលាដំបីងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ត្រូវឃាត់ខ្លួននៅចំណុច០៣គោលគោលដភផ្សេងគ្នាដាច់ដោយឡែក ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងស្រុកស្វាយចេក កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ដោយមានមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ខាងលើ មាន ១/- ឈ្មោះ សួន ម៉ាង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយ ចេក ខេត្តបន្ទាយមានជ័យ (ឃាត់ខ្លួននៅនឹងផ្ទះ) ស្ថិតក្នុងភូមិសាស្ត្រឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ, ២/- ឈ្មោះ ចំរើន ភារៈ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត, ៣/- ឈ្មោះ ចាន់ រស្មី ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ទាំង០២នាក់នេះ ឃាត់ខ្លួននៅភោជនីយដ្ឋាន «ស្រស់ស្រាយ» ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ), ៤/- ឈ្មោះ ប្រម វិន័យ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (ឃាត់ខ្លួនបាននៅខាងជើងភូមិតេជោភ្នំឆ័ត្រ) ស្ថិតក្នុងភូមិសាស្ត្រឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ជនសង្ស័យទាំង០៤នាក់ខាងលើនេះ គឺជាមុខសញ្ញា យ៉ាងសកម្មក្នុងការនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ដែលកម្លាំងនគរបាលរបស់លោកស្រីតាមប្រមាញ់ជាយូរមកហើយ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេរកស៊ីទាក់ទងគ្នាក្នុងការនាំមនុស្សទៅប្រទេសថៃដោយយកថ្លៃចាប់ពី២០០បាតទៅ៣០០បាត ឬទៅដល់៥០០បាត ក្នុងពលករម្នាក់។ លុះមកដល់ព្រំដែន ពួកគេនាំឆ្លងដែនទៅថៃ គឺចាប់ពី៥,០០០បាតទៅដល់៦,០០០បាត ឬរហូតទៅដល់៧,០០០បាតទៀត ៕
ដោយ៖ ប្រាថ្នា