ក្រសួងកីឡារបស់ប្រទេសអេក្វាឌ័របានអះអាងកាលពីថ្ងៃអាទិត្យថាកីឡាករ Sprinter Alex Quinonez ដែលជាម្ចាស់មេដាយសំរឹទ្ធជើងឯកពិភពលោករបស់អេក្វាឌ័របានទទួលមរណភាពនៅទីក្រុង Guayanquilដែលជាស្រុកកំណើតរបស់គាត់កាលពីថ្ងៃសុក្រថ្ងៃទី២២ ខែតុលា។
កាសែត El Universo ដែលមានមូលដ្ឋាននៅទីក្រុង Guayaquil បានសរសេរថា Quinonez ដែលមានអាយុ៣២ឆ្នាំ និងបុគ្គលម្នាក់ទៀតត្រូវបានបាញ់សម្លាប់នៅម៉ោងប្រហែល៩និង២០នាទីយប់ថ្ងៃសុក្រ នៅផ្នែកភាគពាយព្យនៃទីក្រុង។
Quinonez បានឈ្នះមេដាយសំរឹទ្ធរត់ចម្ងាយ២០០ម៉ែត្រនៅឯការប្រកួតជើងឯកពិភពលោកឆ្នាំ២០១៩នៅទីក្រុង Doha ហើយបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ដូចគ្នានៅឯព្រឹត្តិការណ៍អូឡាំពិកទីក្រុងឡុងឆ្នាំ២០១២។ គាត់ត្រូវបានព្យួរនៅខែកក្កដាមុនការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូពីបទប្រឆាំងនឹងសារធាតុញៀន។
ក្រសួងកីឡារបស់ប្រទេសនេះបានសរសេរនៅលើ Twitter ថា “ជាមួយនឹងភាពសោកសៅជាខ្លាំង យើងបញ្ជាក់ពីឃាតកម្មលើកីឡាករកីឡារបស់យើង Alex Quinonez។ យើងបានបាត់បង់កីឡាករដ៏អស្ចារ្យម្នាក់ អ្នកដែលអនុញ្ញាតឱ្យយើងសុបិន ជាអ្នកជំរុញយើង… គាត់គឺជាអ្នករត់ប្រណាំងដ៏អស្ចារ្យបំផុតដែលប្រទេសនេះផលិតឡើង”។
ប្រធានាធិបតីអេក្វាឌ័រ លោក Guillermo Lasso បានសម្តែងការរំលែកទុក្ខរបស់លោក ហើយបាននិយាយថា ការសម្លាប់នេះ «នឹងមិនមានការផ្ដន្ទាទោសឡើយ»។ កាលពីដើមខែនេះ លោក Lasso បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល៦០ថ្ងៃ ជុំវិញការកើនឡើងឧក្រិដ្ឋកម្មនៅក្នុងប្រទេស។
ការស្លាប់របស់ Quinonez គឺជាការសម្លាប់អត្តពលិកអន្តរជាតិជាលើកទី២ក្នុងខែនេះ បន្ទាប់ពីអ្នករត់ចម្ងាយនៅប្រទេសកេនយ៉ា Agnes Tiropត្រូវបានគេរកឃើញថា ត្រូវបានចាក់សម្លាប់នៅផ្ទះរបស់នាង ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)