ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជវរោកាសដ៏មហានក្ខត្តឫក្ស មង្គលបវរថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីគម្រប់ ១៧ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ទូលព្រះបង្គំខ្ញុំ និងថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ បំផុតលំឱនកាយ វាចាចិត្ត ក្រាបបង្គំអភិវន្ធសម្តែងថ្វាយព្រះសព្ទសាធុការពរជ័យ សិរីវឌ្ឍនា មហាប្រសើរ និងសូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់មានព្រះរាជកាយពលមាំមួនខ្លាំងក្លា ព្រះរាជបញ្ញាញាណ ភ្លឺថ្លា ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ត្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនា ចម្រុងចម្រើន ថ្កុំថ្កើងរុងរឿង ជាភិយ្យោភាពតរៀងទៅ។
នាឱកាសដ៏មហាជ័យមង្គលប្រសើរថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំ ព្រមទាំងប្រជានុរាស្ត្រទូទៅ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជមហាករុណាទិគុណ និងព្រះរាជព្រហ្មវិហារធម៌ប្រកបដោយ ទសពិធរាជធម៌របស់ព្រះអង្គ ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដើម្បីបំពេញព្រះរាជកិច្ចដឹកនាំព្រះរាជាណាចក្រកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិទូទាំងប្រទេស និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរីកចម្រើនជាបន្ត បន្ទាប់លើគ្រប់វិស័យ ហើយកិត្យានុភាពជាតិត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងលើសកលលោក។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំបំផុតជាមួយប្រជាជនកម្ពុជានៅគ្រប់ កាលៈទេសៈលំបាក ជាពិសេសក្នុងដំណាក់កាលបច្ចុប្បន្ននៃការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដ៏កាចសាហាវកូវីដ-១៩។
ទូលព្រះបង្គំជាខ្ញុំ សូមលំឱនកាយលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រៃកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំង ឡាយលើលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី គ្រប់ព្រះអង្គ ពិសេសបុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់បានសមប្រកបដោយព្រះពុទ្ធពរដ៏មហាប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួល នូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំជាខ្ញុំ៕
ដោយ ៖ សិលា