ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសាធារណការ៖ បិទចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅកំណាត់ផ្លូវជាតិលេខ២០ ,ផ្លូវលេខ១២០, 1KD9(៣៤), 1KD11(១៤៣) ក្នុងខេត្តកណ្តាលជាបណ្តោះអាសន្នដោយសារជំនន់ទឹកភ្លៀងវាយលុក

ចែករំលែក៖

ខេត្តកណ្តាល៖ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា, យោងមតិណែនាំរបស់ លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងអនុសាសន៍របស់ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល មានកិត្តយសសូមជម្រាបជូនដំណឹងដល់ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ មេត្តាជ្រាបថា៖ ដោយស្ថានភាពទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជនឡើងយ៉ាងខ្លាំង ពេញព្រៀបចិញ្ចើម ផ្លូវជាតិលេខ២០, ផ្លូវលេខ១២០, 1KD9(៣៤), នឹងផ្លូវលេខ1KD11(១៤៣) ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និង ស្រុកអង្គស្នួល ខេត្តកណ្តាល ស្ថានភាពបែបនេះធ្វើអោយផ្លូវ-ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញ ធុនធំបានទេ។ ហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល សូមធ្វើការបិទចរាចររថយន្តដឹកទំនិញ ធុនធំគ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ២០ ចាប់ពីរង្វង់មូលកួរស្រូវ រហូតដល់ផ្លូវជាតិលេខ៣; ផ្លូវលេខ១២០ ចាប់ពីផ្លូវជាតិលេខ២ រហូតដល់ផ្លូវជាតិលេខ៣; ផ្លូវលេខ1KD9(៣៤) ចាប់ពីផ្លូវជាតិលេខ៣ រហូតដល់ផ្លូវលេខ៤១, ផ្លូវលេខ1KD11(១៤៣) ចាប់ពីផ្លូវលេខំ1KD9(៣៤) រហូតដល់ផ្លូវជាតិលេខ៤ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពទឹកស្រកចុះជាប្រក្រតីវិញ ដើម្បីថែរក្សា ផ្លូវ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរប្រកបដោយសុខសុវត្ថិភាព។

អាស្រ័យហេតុនេះ សូម អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់ទាំងអស់ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសំហការជាមួយ យើងខ្ញុំ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សាផ្លូវ-ស្ពាន អោយប្រើប្រាស់បាន យូរអង្វែង៕

ដោយ៖ សិលា


ចែករំលែក៖