ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃសុក្រចុងសប្ដាហ៍នេះ ! គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារៀបចំ សិក្ខាសាលាស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសហការ ជាមួយការិយាល័យឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុក សិទ្ធិមនុស្សនៅកម្ពុជានឹងរៀបចំសិក្ខាសាលាថ្នាក់តំបន់ មួយនៅចុងសប្តាហ៍នេះ ស្ដីពីទស្សនវិស័យនៃសេចក្តី ព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។សូមបញ្ជាក់ថា, ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៦ ខែតុលានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឱ្យដឹងថា ប្រធាន គណៈកម្មាធិការ លោក កែវ រ៉េមី និងអ្នកសម្របសម្រួល អង្គការសហប្រជាជាតិលោកស្រី Pauline Tamensis នឹងចូលរួមជាអធិបតីនៃសិក្ខាសាលានៅ ថ្ងៃទី២៨ ខែតុលាខាងមុខនេះ ដោយមានអ្នកចូលរួម ជាង៨០នាក់មកពីស្ថានទូតនានា សមាជិកគណៈកម្មការ អន្តររដ្ឋាភិបាលសិទ្ធិមនុស្សអាស៊ាន តំណាងនិងមន្ត្រីនៃ អង្គការអន្តរជាតិ ប្រធាននិងមន្ត្រីនៃវេទិកាអាស៊ីប៉ាស៊ីហ្វិក ប្រធាននិងស្នងការនៃស្ថាប័នជាតិសិទ្ធិមនុស្សនៃ ប្រទេសម៉ាឡេស៊ី ស្នងការនិងមន្ត្រីនៃស្ថាប័នជាតិសិទ្ធិ មនុស្សប្រទេសហ្វីលីពីន មន្ត្រីOHCHR និងសមាជិក សមាជិកា ព្រមទាំងមន្ត្រីគណកម្មាធិការសិទ្ធិមនុស្ស កម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះក៏បានលើកឡើង ផងដែរថា សិក្ខាសាលានេះមានគោលដៅក្នុងការប្រមូល ធាតុចូលសម្រាប់សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័ន ជាតិសិទ្ធិមនុស្សតាមគោលការណ៍ទីក្រុងប៉ារីសដែលត្រូវ បានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ។
សូមជម្រាបជូនថា, ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានបរទេសមួយកាលពី ដើមខែនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានលើកឡើងថា ក្នុងឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិលនៅកម្ពុជា បង្កើតច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្ស តែ អស់រយៈពេលជាច្រើនឆ្នាំមកហើយច្បាប់នេះនៅមិនទាន់ ចេញជារូបរាងទើបនៅឆ្នាំ២០១៩ សម្តេចតេជោ បញ្ជាឱ្យ គណៈកម្មាធិការសិទ្ធិមនុស្សរៀបចំតាក់តែងដើម្បីធ្វើឱ្យស្រប តាមគោលការណ៍របស់អង្គការសហប្រជាជាតិ។

លោក កែវ រ៉េមី ប្រកាសថា  បើទោះបីជារដ្ឋាភិបាលកម្ពុជា ជាអ្នកធ្វើច្បាប់នេះក្តីក៏រាជរដ្ឋាភិបាលស្វាគមន៍អង្គការ សង្គមស៊ីវិលចូលរួមផ្តល់ធាតុចូលក្នុងច្បាប់ថ្មីនេះ ផងដែរ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖