ចិនបានសម្រេចបិទទីក្រុងដែលមានពលរដ្ឋរស់នៅ៤លាននាក់ចាប់ពីថ្ងៃទី២៦ខែតុលា ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ រាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ។ ពលរដ្ឋមិនអនុញ្ញាតឲ្យចាកចេញពីផ្ទះនោះឡើយបើមិនមានការចាំបាច់។
វិធានការរឹតត្បិតនេះគឺធ្វើឡើងក្រោយពេលរកឃើញមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន២៩ករណីក្នុងសហគមន៍ ដែលក្នុងនោះមាន៦ករណីនៅទីក្រុង Lanzhou ខេត្ត Gansu ភាគឦសាននៃប្រទេសចិន។
មន្ត្រីខេត្ត Lanzhou បានឱ្យដឹងថា ការធ្វើដំណើររបស់ពលរដ្ឋនឹងត្រូវបានគ្រប់គ្រងយ៉ាងតឹងតែងបំផុត ហើយអនុញ្ញាតឱ្យមានតែសេវាកម្មផ្តល់ទំនិញចាំបាច់ ឬព្យាបាលជំងឺតែប៉ុណ្ណោះ។ ពលរដ្ឋមិនអាចចាកចេញពីផ្ទះនោះឡើយលើកលែងករណីចាំបាច់បំផុត។
ការផ្ទុះកូវីដ-១៩ថ្មីបំផុតនៅក្នុងប្រទេសចិនពាក់ព័ន្ធនឹងកូវីដ-១៩ បំប្លែងថ្មីដែលតា ដោយមានករណីឆ្លងជាង១០០នាក់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។ មន្ត្រីសុខាភិបាលក្នុងខេត្តនេះបានបញ្ជាក់ថា ចំនួនអ្នកឆ្លងនឹងបន្តកើនឡើងខ្ពស់នៅក្នុងពេលធ្វើតេស្តជាទ្រង់ទ្រាយធំនៅក្នុងតំបន់ ។
ការផ្ទុះកូវីដ-១៩ថ្មីក្នុងសហគមន៍ ប្រទេសចិនកើនឡើងនៅថ្ងៃទី១៧ខែតុលា ដោយឆ្លងកូវីដ-១៩ បំប្លែងថ្មីដែលតា ។ មកទល់ពេលនេះមានករណីឆ្លង១៩៨នាក់ ហើយ ក្នុងខេត្តក្រុងចំនួន១១ ក្នុងនោះមានទាំងទីក្រុងប៉េកាំងផងដែរ។ នៅថ្ងៃទី២៦ខែតុលាទីក្រុងប៉េកាំងរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ៣នាក់ផងដែរ៕
ដោយ៖ធីរីណា(រូបថត៖AP)