ភ្នំពេញ, នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយថ្នាក់ដឹកនាំដែលជាប្រធានមុខព្រួញរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ អាជ្ញាធរមូលដ្ឋាន និងក្រុមមន្រ្តីបច្ចេកទេសក្រសួង បានកំពុងបន្តពិនិត្យស្ថានភាពទឹក និងដឹកនាំបញ្ជាការងារអន្តរាគមន៍ជួសជុលរូងនាគ និងពង្រឹងលើកកម្ពស់តួទំនប់នៅតាមបណ្តោយសណ្តស្ទឹងព្រែកត្នោតដែលបានកំពុងយាយីដោយទឹកជំនន់ទឹកភ្លៀងពីផ្ទៃរងផ្នែកខាងលើ ព្រមទាំងដាក់ផែនការបន្ថែម ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់ គ្រោះថ្នាក់ផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្រ្តប្រឈមនេះ។
សូមបញ្ជាក់ថា, អភិបាលរាជធានីភ្នំពេញ អំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោតប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលាខាងមុខនេះ។
ការអំពាវបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង នៅព្រឹកថ្ងៃទី២៥ តុលានេះ ខណៈដែរលោកចុះត្រួតពិនិត្យនិងដឹកនាំបញ្ជាកម្លាំង ដើម្បីទប់ទំនប់ទំនប់សណ្តស្ទឹងព្រែកត្នោត កុំឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ស្របពេលដែលមាន ការបើទ្វារទឹកពីខេត្តកំពង់ស្ពឺ ធ្វើឲ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់ចំនួន៥នៅក្នុងមូលដ្ឋានខណ្ឌដង្កោ។
ដោយឡែកក្រសួងធនធានទឹក និងឧតុនិយមនៅរសៀលថ្ងៃនេះផងដែរក៏បាន បង្ហាញពី ទិដ្ឋភាព ស្ថានភាពទឹកនៅទ្វារទឹករលាំងជ្រៃ ទឹកមានកម្ពស់ ៧,៨០ម៉ែត្រ បានបើកទ្វារទឹកចំនួន ០៥ ទ្វារ ស្ថិតឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់បន្ថែមគឺ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយថ្នាក់ដឹកនាំដែលជាប្រធានមុខព្រួញរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ អាជ្ញាធរមូលដ្ឋាន និងក្រុមមន្រ្តីបច្ចេកទេសក្រសួង បានកំពុងបន្តពិនិត្យស្ថានភាពទឹក បានបន្តការងារដល់ព្រលប់ថ្ងៃដដែល៕
ដោយ៖សុខ ខេមរា