ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៩

ចែករំលែក៖

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៩។

នៅក្នុងកិច្ចប្រជុំនេះប្រមុខថ្នាក់ដឹកនាំអាស៊ាន និងអាមេរិក បានវាយតម្លៃខ្ពស់អំពីការរីកចម្រើន នូវសមិទ្ធិផល នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងសហរដ្ឋអាមេរិក ដែលមានកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ ដូចជាទី១ ពាក់ព័ន្ធទៅនឹងកូវីដ១៩ ដែលសហរដ្ឋអាមេរិកបានផ្ដល់ការគាំទ្រជាច្រើនរួមទាំងមានការជួយសមាជិកអាស៊ាននីមួយៗផងដែរ។

លើសពីនេះទៀត ប្រមុខថ្នាក់ដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ាន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ។ ក្នុងនោះប្រមុខថ្នាក់ដឹកនាំអាស៊ានក៏បានវាយតម្លៃខ្ពស់អំពីការជម្រុញការបង្កើនពាណិជ្ជកម្ម និងវិនិយោគ ។

ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសថា អាមេរិចនឹងផ្ដល់ថវិកាបន្ថែមចំនួន ១០២លានដុល្លា ដើម្បីគាំទ្រក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានបន្តទៀត ក្នុងនោះអាមេរិកនឹងបន្តតួនាទីស្នូលរបស់អាស៊ាននៅក្នុងកិច្ចសហការក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិកនេះ។ ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងអាស៊ានក៏បានជំរុញនូវកិច្ចសហប្រតិបត្តិការទៅលើវិស័យឌីជីថល និងធ្វើយ៉ាងណាឱ្យអាស៊ានមានសន្តិសុខ និងសន្តិភាព។ នៅឆ្នាំក្រោយអាស៊ាន និងសហរដ្ឋអាមេរិកនឹងប្រារព្ធខួប ៤៥ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។

លោក ប្រជាធិបតីសហរដ្ឋអាមេរិកក៏បានលើកអំពីអ្វីដែលអាមេរិកមានជាមួយនឹងអាស៊ាននេះ គឺជាទំនាក់ទំនងរឹងមាំជាពិសេសសហរដ្ឋអាមេរិកប្ដេជ្ញាខ្ពស់បន្តការគាំទ្រដល់អាស៊ាននឹងបន្តកិច្ចសហប្រតិបត្តិការទៅលើវិស័យជាច្រើន។ ជាមួយគ្នានេះឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានប្រកាសជាគោលដៅសហរដ្ឋអាមេរិកនឹងបែងចែកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន១ពាន់លានដូសនាពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏បានលើកឡើងអំពីតួនាទីរបស់អាស៊ានក្នុងការសម្របសម្រួល ជាពិសេសទៅលើកិច្ចសហការសន្តិសុខ។ សូមជម្រាបថា នេះជាលើកដំបូងហើយដែលប្រធានាធិបតី ចូ បៃដិន បានចូលរួមកិច្ចប្រជុំអាស៊ានសហរដ្ឋអាមេរិកលើកទី៩នេះ ហើយមេដឹកនាំអាស៊ានក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋមេរិក៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖