ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន២០ម៉ឺនដូស ជូនរដ្ឋាភិបាលវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានផ្តល់វ៉ាក់សាំងស៊ីណូហ្វាមចំនួន២០ម៉ឺនដូស ជូនដល់សាធារណៈរដ្ឋប្រជាមានិតវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា ពិធីប្រគល់ នឹង ទទួល ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចាក់វ៉ាក់សាំងចំពោះកិច្ចក្នុងក្របខណ្ឌទូទាំងប្រទេស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ទីតាំងប្រារព្ធពិធីព្រំដែនកម្ពុជា – វៀតណាម (បាវិត – ម៉ុកបាយ)។

គួរបញ្ជាក់ថា ការសម្រេចផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនរដ្ឋាភិបាល ប្រទេសវៀតណាមខាងលើនេះ គឺជាការបង្ហាញនូវសមានចិត្តមនុស្សធម៌ សប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន ចំពោះសុខភាព និងសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់។

ការផ្ដល់វ៉ាក់សាំងជូនរដ្ឋាភិបាលវៀតណាមនៅពេលនេះ នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនវៀតណាម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា៕

ដោយ៖ សូរិយា


ចែករំលែក៖