ខេត្តពោធិ៍សាត់ ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ បានចាត់ឲ្យលោកស្រី ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាតចំនួន៦ និងស្ថានីយ៍លាងដៃចំនួន ៤ ជូនខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោកស្រី ហួន ច័ន្ទបូរ៉ា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក និងការគិតគូរពីសុខុមាលភាពរបស់ បងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមគិតគូរថែទាំសុខភាពឱ្យបានល្អ ត្រូវពិសាទឹកដាំពុះ ត្រូវលាងដៃឱ្យបានស្អាតជាប្រចាំ មុនពេលបរិភោគអាហារ ដើម្បីបង្ការជំងឺផ្សេងៗ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ទាំងទឹកស្អាត និងទឹកមិនស្អាត។ លោកស្រី បានមានប្រសាស៍ថា « ជំនួយអណ្តូងទឹកនិងស្ថានីយ៍លាងដៃទាំងនេះជា ទឹកចិត្តរបស់កាកបាទក្រហមសិង្ហបុរី ដែលជួយដល់កាកបាទក្រហមកម្ពុជា ដែលជាសមាជិកទី៨៥ នៃចលនាក្នុងការចែករំលែក និងការគិតគួរដល់សុខភាពអនាម័យ របស់បងប្អូនប្រជាពលរដ្ឋក្រោយពីរងផលប៉ះពាល់ដោយទឹកជំនន់ ឱ្យមានទឹកស្អាតប្រើប្រាស់ ជាពិសេសជួយដល់កុមារតូចៗឱ្យមានសុខភាពល្អ ក្លាយជាធនធានធានដ៏ល្អមួយសម្រាប់សង្គមជាតិនាពេលខាងមុខ និងសូមឱ្យអ្នកទទួលផលអណ្តូងទឹកទាំងអស់ ត្រូវចូលរួមថែរក្សា ជួសជុលសមិទ្ធផលទាំងនេះ ឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង»។
លោកស្រី នាយិកាសាលាមត្តេយ្យពោធិ៍សាត់ បានលើកឡើងថា « ផ្អែកតាមស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងផ្អែកតាមថវិការបស់សាលា ពុំមានលទ្ធភាពក្នុងការសាងសង់អណ្តូងទឹកស្អាត និងស្ថានីយ៍លាងដៃស្តង់ដារដល់កុមារឡើយ។ ដោយបានការយកចិត្តទុកដាក់ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានពិនិត្យឃើញថាសាលាមត្តេយ្យពោធិ៍សាត់ មានសិស្សច្រើនពុំមានលទ្ធភាព ក៏សម្រេចជូនអណ្តូងទឹកស្អាត និងស្ថានីយ៍លាងដៃ សម្រាប់កុមារ ក្រោមការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា ដែលបានលេចចេញនូវសមិទ្ធផលនាពេលនេះគួជាទីក្រៃលែង»។
សូមបញ្ជាក់ថា អំណោយអណ្តូងទឹកស្អាតចំនួន ១១, ស្ថានីយ៍លាងដៃ ចំនួន២១, បង្គន់អនាម័យថ្មីចំនួន ៩ និងជួសជុលបង្គាន់អនាម័យចាស់ចំនួន៣ នូវតាមសាលារៀនគោលដៅនៅក្នុងខេត្តពោធិ៍សាត់ ដែលឧបត្ថម្ភថវិកាដោយ កាកបាទក្រហមសង្ហបុរី តាមរយៈកាកបាទក្រហមកម្ពុជា សរុបជាទឹកប្រាក់ចំនួន ៧៥.០០០ ដុល្លារអាមេរិក៕
ដោយ៖ សូរិយា