ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានចូលខ្លួនមកបង់ប្រាក់ពិន័យ ៦ម៉ឺនរៀល ករណីលោកបាន បេីកម៉ូតូត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោមិនបានពាក់មួកសុវត្ថិភាព ។
នេះជាគំរូល្អមួយដល់មន្ត្រីទូទៅដេីម្បីរួមចំណែកគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថា, លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញម្សិលមុិញ បន្ទាប់ពីមានការរិះគន់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនពាក់មួកសុវត្ថិភាព ពេលបេីកម៉ូតូនោះ, លោកបានលើកឡើងថា, នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក ឃួង ស្រេង នឹងចូលខ្លួនទៅបង់ការផាកពិន័យចំពោះកំហុសឆ្គងអចេតនានេះ ។
លោក ម៉េត មាសភក្ដី បានបញ្ជាក់បន្ថែមថា, តាមពិតទៅ លោក អភិបាល ក៏បានយកមួកសុវត្ថិភាពមកពាក់ដែរ ប៉ុន្តែដោយកញ្ចក់មួកសុវត្ថិភាពស្រអាប់ពេកពិបាកមេីលផ្លូវ ម្យ៉ាងទៀតដោយមានការបន្ទាន់ចុះពិនិត្យមេីលស្ថានភាពទឹកជំនន់ ដេីម្បីរកដំណោះស្រាយជួយប្រជាជន លោកអភិបាល ក៏បេីកម៉ូតូទៅដោយមិនបានពាក់មួកសុវត្ថិភាព ។
ប៉ុន្តែទោះជាយ៉ាងណាក្ដី លោក អភិបាល ទទួលយកនូវមតិរិះគន់ដេីម្បីស្ថាបនា ហេីយលោកនឹងចូលទៅឱ្យមន្ត្រីចរាចរណ៍ធ្វើការផាកពិន័យហើយ ។ សូមបងប្អូនមេត្តាយោគយល់ចំពោះកំហុសអចេតនានេះផង។
ដើម្បីចូលរួមអនុវត្តច្បាប់ចរាចរណ៍ទាំងអស់គ្នា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានចូលខ្លួនបង់ប្រាក់ពិន័យតាមផ្លូវច្បាប់ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក បង្ហាញពីការទទួលស្គាល់ពីកំហុសដោយអចេតនា ទោះលោកនិងសហការី ប្រឈមនឹងការមមាញឹកការងារ ជួយអន្តរាគមន៍រំដោះប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ទាំងយប់ ទាំងថ្ងៃក៏ដោយ ។
ប្រជាពលរដ្ឋគាំទ្រលោក គោរពស្រឡាញ់លោក ដែលបានគិតគូរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ក្នុងពាក្យថា, ខ្មែរជួយខ្មែរ , ទីណាមានការលំបាក ពិតជាមានមន្ត្រីដែលបម្រើរាស្ត្រចុះទៅដល់ជួយសង្រ្គោះ អន្តរាគមន៍ តាមការណែនាំ ពីសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ សិលា